ភ្នំពេញ៖ ដើម្បីចូលរួមជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងយុទ្ធនាការទប់ស្កាត់ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតវីរុសកូវីដ-១៩ ដែលកំពុងបន្តរាតត្បាតចូលក្នុងសហគមន៍ដោយមានអ្នកឆ្លង និងអ្នកស្លាប់ជារៀងរាល់ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ពិសេសលើតម្រូវការប្រើប្រាស់ជាក់ស្តែងចំពោះមុខរបស់កងទ័ពជើងគោកក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ។ មានសប្បុរសជន បានបន្តជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នូវសម្ភារបរិក្ខពេទ្យ និងគ្រឿងឧបភោគ បរិភោគជាបន្តបន្ទាប់ ។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាការដ្ឋានកងទ័ពជើងគោកបានទទួលអំណោយឧបត្ថម្ភនូវសម្ភារបរិក្ខពេទ្យ និងទឹកសុទ្ធពីសប្បុរសជនរួមមាន ៖ កសិដ្ឋាន អមរះ ឧបត្ថម្ភរួមមាន អាវពេទ្យចំនួន ២០០អាវ អាល់កុលចំនួន ២០០លីត្រ របាំងមុខចំនួន ១០០របាំង និងទឹកសុទ្ធចំនួន ២០០យួរ ។ លោក មាស បញ្ញាសិទ្ធ និងលោកស្រី ខឹមជា ម៉ានីល ឧបត្ថម្ភម៉ាស់បួនស្រទាប់ចំនួន ១០,០០០ម៉ាស់ អាល់កុលចំនួន ២០០លីត្រ និងអាវពេទ្យចំនួន ២០០អាវ និងលោក ជា សុគន្ធ និងលោកស្រី ខេង ឆេងឃន់ ឧបត្ថម្ភអាល់កុលចំនួន ២៥០លីត្រ ។
ជំនួសមុខឱ្យលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការមនុស្សធម៌របស់កសិដ្ឋាន អមរះ និងសប្បុរសជនទាំងអស់ក្នុងការរួមចំណែកឧបត្ថម្ភសម្ភារៈដ៏ថ្លៃថ្លានេះ នឹងបានជួយសម្រួល និងផ្តល់លទ្ធភាពបន្ថែមមួយកម្រិតទៀតដល់កងទ័ពជើងគោក ដើម្បីបន្តបេសកកម្មរបស់ខ្លួន។ បានចាត់ទុកសម្ភារៈបរិក្ខាពេទ្យដែលបានផ្តល់ដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នាពេលនេះ ថាពិតជាការផ្តល់ចំពេលវេលាមួយសមស្របដើម្បីជួយដល់កងទ័ពជើងគោក និងផ្ដល់គ្រប់លទ្ធភាពដល់អង្គភាពរបស់កងយោធពលខេមរៈភូមិន្ទ ក្នុងការចូលរួមចំណេកការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
ដោយ ៖ សិលា