ខេត្តកំពង់ចាម៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញ នេះ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ អមដំណើរដោយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញសំណេះសំណាល និងចែកអំណោយ របស់រដ្ឋបាលខេត្ត ចែកជូនគ្រួសារខ្វះខាតក្នុងជីវភាព ចំនួន៣៦គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៃឃុំសូទិព្ទ ស្រុកជើងព្រៃ ដែលរងផលប៉ះពាល់ ដោយព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។
នាឱកាសនោះ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងស្ថានភាពបិទខ្ទប់ភូមិ ដែលមិនអាចចេញទៅខាងក្រៅ រកទទួលទានបាន។ យ៉ាងណាម៉ិញ ដោយពិនិត្យឃើញបងប្អូន ដែលផ្ទុកមេរោគកូវីដ-១៩ ត្រូវយកទៅព្យាបាល ហើយក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កនោះ រដ្ឋបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាជីវភាពរស់នៅ របស់បងប្អូន ដោយបានផ្តល់នូវសម្ភារៈ ជាឧបភោគបរិភោគនេះ សម្រាប់ជួយដោះស្រាយ បានមួយរយៈខ្លី ផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស មិនត្រូវចេញក្រៅពីតំបន់បិទខ្ទប់នេះ ជាដាច់ខាត ហើយត្រូវរក្សាឲ្យបាននូវអនាម័យជានិច្ច។ ក្រៅពីនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស ការយកចិត្តទុកដាក់អនុវតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បី កាត់ផ្ដាច់ខ្សែចម្លង នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ចូលទៅក្នុងសហគមន៍ ផងដែរ។
សូមបញ្ជាក់ថា អំណោយរដ្ឋបាលខេត្ត ដែលនាំចែកជូនប្រជាពលរដ្ឋទាំង ៣៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអុីវ ១យួរ និងថវិកា ២០.០០០រៀល។ ក្រៅពីនោះ លោកអភិបាលរង ក៏បានឧបត្ថម្ភដល់សមាជិកឃុំ ១២នាក់ ម្នាក់ៗថវិកា ២០.០០០រៀល ផងដែរ៕
ដោយ៖ សិលា