ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉ ចេញលិខិតជូនពរ និងអបអរសាទរ ជូនចំពោះ លោកស្រី ស្រួង ភាវី កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ទទួលបានជ័យលាភីជើងឯកក្នុងការប្រកួតពានរង្វាន់អន្តរជាតិ Blue One Resort LPBA Championship

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ លោកស្រី ស្រួង ភាវី ជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ! តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណ រដ្ឋកូរ៉េ និងក្រុមគ្រួសារ ខ្ញុំសូមសម្តែងនូវអំណរសាទរជាអនេក ប្រកបដោយមនោសញ្ចេតនារីករាយក្រៃលែង ក្នុងឱកាស លោកស្រី ទទួលបានជ័យលាភីជើងឯកក្នុងការប្រកួតពានរង្វាន់អន្តរជាតិ Blue One Resort LPBA Championship (ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េ)។

សមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្តបន្ទាប់ក្នុងអាជីពកីឡាស្នូកឃ័រជម្រើសជាតិកម្ពុជា របស់ លោកសី្រ ពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសនៅក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្ដែងការគោពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោកស្រីជាគំរូវីរភាពស្ត្រីនៅក្នុងវិស័យកីឡា។ ជោគជ័យគួរជាទីមោទនៈរបស់ លោកសី្រ ក៏ នឹងក្លាយជាគម្រូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើង កិត្យានុភាពជាតិយ៉ាងថ្លៃថ្លារបស់កម្ពុជានៅលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមគ្រួសារ ខ្ញុំសូមជូនពរ លោកស្រី សម្រេចបាន នូវជោគជ័យ និងស្នាដៃធំៗបន្ថែមទៀតក្នុងអាជីពកីឡាស្នូកឃ័រតំណាងឱ្យកម្ពុជា នៅលើឆាកអន្តរជាតិ ព្រម ទាំងបានជួបនូវពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖