ព័ត៌មានទាន់ហេតុការណ៍៖

ទំហំ​ទឹកប្រាក់ប្រមាណ​ ១៧០លានដុល្លារ ដែល​កម្ពុជា​ គ្រោងចំណាយទិញវ៉ាក់សាំងចាក់ពលរដ្ឋ ១០លាននាក់

ចែករំលែក៖

ភ្នំពេញ​៖ បើតាមលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​ក្នុងឱកាសទទួលវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបញ្ជាទិញពីចិន ១លានដូស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ​ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ យ៉ាងដូច្នេះ​ថា៖​ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោងចំណាយថវិកា ១៧០លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងឲ្យគ្រប់ ២០លានដូស គិតត្រឹមខែសីហា ក្នុងការចាក់ជូនពលរដ្ឋ ១០លាននាក់។

លោក វង្សី វស្សុត បានថ្លែង​បញ្ជាក់បន្ថែមថា៖ «គិតមកដល់ពេលនេះ យើងទទួលបានជំនួយជាង ៣សែន ពីកូវ៉ាក់ និងជំនួយ ២លាន២សែនដូស ពីរដ្ឋាភិបាលចិន ហើយសល់ប៉ុន្មាន យើងទិញទាំងអស់ ក្នុង ២០លានដូសនេះ។ (ការទិញនេះ) យើងចំណាយប្រហែល ១៧០លានដុល្លារ»។

ជាក់ស្ដែង​ប្រទេស​កម្ពុជា​ គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ​ បានទទួលវ៉ាក់សាំង ដែលបញ្ជាទិញពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស។ បូករួមទាំងវ៉ាក់សាំង ដែលមកដល់កម្ពុជានៅក្នុងសប្តាហ៍នេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ១១លានដូស លើចំនួនវ៉ាក់សាំងក្នុងផែនការប្រមាណ ២៣លានដូស។
តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពន្លឿនលើការងារចាក់វ៉ាក់សាំងវ៉ាក់សាំងផងដែរ។ គិតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ ខណៈផែនការគ្រោងចាក់ជូនពលរដ្ឋ រហូតដល់ ១៣លាននាក់។

សូមជម្រាបថា​ ​វ៉ាក់សាំងដែលកម្ពុជា​ ទទួលបានសម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជាវ៉ាក់សាំងពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វត្តមានវ៉ាក់សាំងចិន នៅកម្ពុជានេះ កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។គួរបញ្ជាក់ថា​ រដ្ឋាភិបាលចិន ក៏ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ ខណៈដែល​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា៖ ចិន និងកម្ពុជា​ ជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។​ ហេីយ​ដរាបណា​ ជំងឺកូវីដ-១៩​ នៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច៕ដោយ​៖សហការី​


ចែករំលែក៖