ព័ត៌មានទាន់ហេតុការណ៍៖

អតីតម្ចាស់ជើងឯកព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គ១៦ក្រុមក្រោមស្នាដៃបែលហ្ស៊ិក ខណៈក្រុមខ្លាំងហុល្លង់ក៏បរាជ័យក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆេកដែរ

ចែករំលែក៖

ក្រុមខ្លាំង និងជាក្រុមការពារតំណែងជើងឯកយូរ៉ូចាស់ ព័រទុយហ្គាល់បានធ្លាក់ចេញពីការប្រកួតហើយត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញ ក្រោមថ្វីជើងក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១។

១គ្រាប់របស់ក្រុមបែលហ្ស៊ិករកបានដោយកីឡាករ Thorgan Hazard នៅនាទីទី៤២ ដែលជាគ្រាប់បាល់ជ័យជម្នះ ក្រោមការដឹកនាំរបស់លោក Roberto Martínez ហើយជ័យជម្នះនេះ ធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តកំណត់ត្រាមិនដែលចាញ់ក្នុងការប្រកួតយូរ៉ូឆ្នាំនេះ។

ចំណែកក្រុមខ្លាំងហុល្លង់ក៏បានបរាជ័យក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆេកក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមឆេករកបានដោយកីឡាករ Holešនៅនាទីទី៦៨ និងគ្រាប់ទី២រកបានដោយកីឡាករ Schick នៅនាទីទី៨០

ជ័យជម្នះនេះធ្វើឲ្យក្រុមឆេកនឹងត្រូវប៉ះក្រុមដាណឺម៉ាកនៅថ្ងៃទី៣ ខែកក្កដាខាងមុខនេះក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈដែលក្រុមបែលហ្ស៊ិក ប៉ះក្រុមខ្លាំងអុីតាលី នៅថ្ងៃទី៣ កក្កដាដូចគ្នា។

នៅរាត្រីថ្ងៃនេះនឹងត្រូវប្រកួតវគ្គជម្រុះ១៦ក្រុមចំនួន២គូទៀត ដែលជាការជួបគ្នារវាងក្រុមក្រូអាតប៉ះក្រុមអេស្ប៉ាញ ម៉ោង១១យប់ និងក្រុមបារាំងប៉ះក្រុមស្វ៊ីស វេលាម៉ោង២រំលងអធ្រាត្រ ដើម្បីរក២ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ ៕ដោយ៖ ភារៈ

(រូបភាព ៖ BBC )


ចែករំលែក៖