ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖​ វាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅស៊ីរី និងអ៉ីរ៉ាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​មន្រ្តីយោធាសហរដ្ឋអាមេរិក​ បានអះអាងថា​ ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិកនៅអ៉ីរ៉ាក់​ ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី។

ជាក់ស្ដែង​នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយយោធាអាមេរិក​ បានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា៖​ ចំពោះ​ការវាយប្រហារតាមផ្លូវអាកាសខាងលើនេះ​ គឺមានគោលដៅលើ ឃ្លាំងស្ដុកអាវុធចំនួន២របស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅស៊ីរី និងមួយកន្លែងទៀតនៅក្នុងប្រទេសអ៉ីរ៉ាក់។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក៏បានឱ្យដឹងដែរថា​ ការវាយប្រហាររបស់យោធាអាមេរិក​ ក៏បានផ្ដាច់ជីវិតក្រុមសកម្មប្រយុទ្ធយ៉ាងហោច៥នាក់ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសនេះ ធ្វើឡើងតាមបញ្ជាដោយផ្ទាល់ពីលោកចូ បៃដិន ហើយវាក៏ជាលើកទី២ហេីយ​ ដែលលោកបានចេញបញ្ជាឱ្យ បើកការវាយប្រហារបែបនេះ​ ទៅលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ចាប់តាំងពីលោក​ បៃឌិន​ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា​ កន្លងមក៕ដោយ​៖ស​ តារា​


ចែករំលែក៖