ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត ចុះពិនិត្យដំណើរការទូទៅនៃការគ្រប់គ្រង,ការធ្វើចត្តាឡីស័កនិងព្យាបាលអ្នកជំងឺកូវីដ-១៩នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិបានចុះពិនិត្យមើលដំណើរការនៅការរៀបចំធ្វើចត្តាឡីស័កគ្រប់គ្រងពលករដែលធ្វើដំណើរមកពីប្រទេសថៃនិងភាពចាំបាច់មួយចំនួននៅខេត្តបន្ទាយមានជ័យ។ ជាពិសេសដំណើរការត្រួតពិនិត្យនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ ។

នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ លើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែន  និងតម្រូវការចាំបាច់បន្ថែម សំដៅទប់ស្កាត់ឲ្យខានតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនលោកហ៊ុន ម៉ានិត និងប្រតិភូអនុគណ:កម្មការ ពីដំណើរការរួមនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្តកន្លងមក កិច្ចការងារចំពោះមុខ និងបញ្ហាប្រឈមមួយចំនួន។

 លោក ហ៊ុន ម៉ានិត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បន្ទាប់មកលោកអគ្គនាយកក៏បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង ដោយក្នុងនោះលោក ហ៊ុន ម៉ានិត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការ សម្ភារបរិក្ខារបច្ចេកទេស ដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិ ដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕

ដោយ៖ សូរិយា


ចែករំលែក៖