ព័ត៌មានទាន់ហេតុការណ៍៖

កាមរីគូទស្វិតបែកកង់រេចង្កូតធ្លាក់ប្រឡាយផ្ទុះឆេះរថយន្តស្លាប់អ្នកបើកបរម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបររថយន្តម្នាក់បានឆេះស្លាប់នៅក្នុងរថយន្តយ៉ាងរន្ធត់ ក្រោយពីជនរងគ្រោះបើករថយន្តហើយបែកកង់រេចង្កូតធ្លាក់ប្រឡាយបណ្តាលឱ្យផ្ទុះឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នៅចំណុចភូមិ ផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលជាអ្នកបើកបរថយន្តនេះឈ្មោះ ជា សុវណ្ណដេត ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី ឃុំ អញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង  

  នៅមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តរបស់ខ្លួនម៉ាកតូយ៉ូតាកាមរីគូទស្វិតពាក់ស្លាកលេខ ភ្នំពេញ 2B-9148 ក្នុងទិសដៅពីលិចទៅកើត។ នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបែកកង់ហើយបានរេចង្កូតធ្លាក់ប្រឡាយ និងដោយសារតែរថយន្តនេះប្រើប្រព័ន្ធហ្គាសផងនោះ ក៏បណ្តាលឱ្យផ្ទុះហ្គាសឆេះរថយន្តយ៉ាងសន្ធោសន្ធៅតែម្តង។ ករណីនេះ បណ្តាលឱ្យអ្នកបើកបរនៅក្នុងរថយន្តនេះស្លាប់ដោយគ្មានអ្នកណាជួយទាន់ឡើយ។ ក្រោយពេលកើហេតុភ្លាមៗប្រជាពលរដ្ឋបានផ្តល់ព័ត៌មានទៅសមត្ថកិច្ចជំនាញសុំជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះរថយន្ត។ ក្នុងពេលនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកបរិបូណ៍បានចេញទៅបាញ់ទឹកពន្លត់ផងដែរ ដោយបាញ់ទឹកពន្លត់អស់មួយរថយន្ត តែមិនអាចជួយសង្រ្គោះអ្នកបើកបររថយន្តនោះពីសេចក្តីស្លាប់បានឡើយ ជាហេតុបណ្តាលឱ្យអ្នកបើកបរឆេះស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័មតែម្តង៕

ដោយ ៖ ចន្ថា


ចែករំលែក៖