ព័ត៌មានទាន់ហេតុការណ៍៖

បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំជុំវិញផ្សារក្រុងបានលុងនិងអង្គភាពជុំវិញខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានសហការជាមួយក្រុមហ៊ុន អង្គរ ហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំក្នុងក្រុងបានលុង ខណៈដែលអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកស្លាប់កើនឡើងគួរឱ្យព្រួយបារម្ភ។

យុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំនោះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ ហើយលោក ងិន ណែលអភិបាលក្រុងបានលុងបានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រុមហ៊ុន អង្គរ ហ្គ្រីន អិនវេសមេន ផងនោះក្រុមការងារដំណាក់កាលដំបូងបានបាញ់ថ្នាំជុំវិញផ្សារព្រមទាំងមណ្ឌលព្យាបាលនិងធ្វើចត្តាឡីស័កវិទ្យាល័យភូមិថ្មី និងមួយផ្នែកទៀតក្នុងបុរី លឹម ប៊ុណ្ណា ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។ 

លោកអភិបាលក្រុងបន្តថា ក្រុមការងារនឹងបន្តទៅបាញ់ថ្នាំតាមមន្ទីរ អង្គភាព និងបណ្តាស្រុកមួយចំនួនទៀតដែលប៉ះពាល់ការរីករាលនៃជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា វិធានការបិទខ្ទប់ជុំវិញផ្សារបានលុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ខែមិថុនារហូតដល់ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍មានការថមថយនោះអាជ្ញាធរនឹងបើកឱ្យក្រុមអាជីវករលក់ដូរ និងចេញ-ចូលលំនៅឋានពួកគាត់ដូចធម្មតាឡើងវិញ តែបើស្ថានភាពមិនថមថយទេនោះ គឺអាចបន្តការបិទខ្ទប់បន្តទៅទៀត។

ប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យធ្វើតេស្តយកសំណាកឱ្យបានគ្រប់គ្នា ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩តទៅទៀតឱ្យបាន៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖