ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌបឹងកេងកង អំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង កាលពីថ្ងៃទី ២១ ខែមិថុនា រហូតដល់ថ្ងៃទី ២៦ ខែមិថុនា មកធ្វើតេស្តរកកូវីដ-១៩ជាបន្ទាន់ !

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង អំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង កាលពីថ្ងៃទី ២១ ខែមិថុនា រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ សូមអញ្ជើញមកធ្វើតេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ជាបន្ទាន់។ 

នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារបឹងកេងកងទាំងអស់អោយបានជ្រាបថា៖ អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារបឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ក្នុង ព្រឹត្តិការណ៍ សហគមន៍“២០ កុម្ភៈ ២០២១” ដែលស្ថានភាពនេះបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរអោយព្រួយបារម្ភ និង ចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវបងប្អូនដែលជាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារបឹងកេងកងកាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ រហូតមកដល់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាកតេស្ករកវីរុសកូវីដ-១៩ នៅ បរិវេណ វិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃ ចន្ទ ទី២៨ ខែ មិថុនា ឆ្នាំ ២០២១ ជាបន្ទាន់ ព្រមទាំងអនុវត្តវិធាន ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវបំផុត។

រដ្ឋបាលខណ្ឌបឹងកេងកងសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករផ្សារទាំងអស់ដែលកំពុង ប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារបឹងកេងកង មានការយោគយល់ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឱ្យមាន ប្រសិទ្ធិភាព៕

ដោយ ៖ សិលា


ចែករំលែក៖