ព័ត៌មានទាន់ហេតុការណ៍៖

សម័យកូវីដ-១៩ហើយ ! នៅព្រហើន ផឹកសុីចាក់ធុងបាស់ រាំច្រៀង សមត្ថកិច្ចនគរបាលខេត្តកណ្តាលចុះចាត់វិធានការ !

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារសំណូមពរក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ «សូមទោសបងខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្លែង ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល ខ្ញុំមានចម្ងល់មួយតើសព្វថ្ងៃនេះរាជរដ្ឋាភិបាលលោកបានអនុញ្ញាតអោយប្រជាពលរដ្ឋជួបជុំផឹកសុីច្រៀងខារាអូខេហើយរឺនៅបង? ហើយភ្ញៀវសុទ្ធតែអ្នកចម្ងាយទៀតព្រោះនៅភូមិខ្ញុំមានគេផឹកសុីហើយច្រៀងលេង»។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ទោ ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាទៅលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ចុះស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោកមេភូមិព្រែកស្លែង ចុះទៅពិនិត្យមើលដល់ផ្ទះរបស់ឈ្មោះ មាស មន្នី ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ពិតជាមានការជួបជុំផឹកសុីចាក់ធុងបាសច្រៀងពិតប្រាកដមែន។ ក្រោយពីបានសួរនាំរួច លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង បានធ្វើការអប់រំ ណែនាំ និង ធ្វើកិច្ចសន្យាមិនឱ្យមានការផឹកសុីជួបជុំច្រៀងបន្តទៅទៀតឡើយ ដែលជាហេតុបង្ករឱ្យមានសំឡេងរំខានដល់អ្នករស់នៅជិតខាងផង និងយោងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល មិនឱ្យមានការជួបជុំគ្នាច្រើន គឺត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ជាដាច់ខាត។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

ដោយ ៖ សិលា


ចែករំលែក៖