ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Facebook ​និង​អង្គការ​ APLE ដាក់​ដំណើរការ​យុទ្ធនាការ #ReportItDontShareIt ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេង​ប្រវ័ញ្ច​កុមារ​តាម​អនឡាញ

ចែករំលែក៖

ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១៖ ក្រុមហ៊ុន Facebook និង​អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការ​មិន​មែន​រដ្ឋាភិបាលរបស់​កម្ពុជា បាន​ដាក់ដំណើរការ​យុទ្ធនាការ​មួយ​ដើម្បីអប់រំ​សាធារណៈជន​អំពី​គ្រោះ​ថ្នាក់​ដែលបង្ក​ឡើង​ដោយការ​ចែករំលែក​រូបភាព ឬវីដេអូ​រំលោភ​រំពាន​ផ្លូវ​ភេទ​កុមារ និង​របៀប​រាយការណ៍​មាតិកា​ប្រភេទ​នេះ​ទៅ​កាន់​មន្ត្រី​អនុវត្តច្បាប់ និង​ក្រុមហ៊ុន Facebook។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយនេះ ក្រុមហ៊ុន Facebook បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកជំនាញ​ល្បីៗ​លំដាប់​ពិភពលោក​ខាង​ផ្នែក​កេង​ប្រវ័ញ្ច​កុមារ រួម​ទាំង​មជ្ឈមណ្ឌល​ជាតិ​ទទួល​បន្ទុក​កុមារ​ដែល​បាត់ខ្លួននិង​ត្រូវបាន​គេ​កេង​ប្រវ័ញ្ច (NCMEC) និង​​អ្នក​ស្រី​សាស្រ្តាចារ្យ Ethel Quayle ដែល​ជា​អ្នកជំនាញ​​ផ្នែក​ចិត្ត​វិជ្ជាដ៏​​​ល្បី​ឈ្មោះ​មួ​យ​រូប​ក្នុង​ពិភពលោក ដែល​មាន​ជំនាញ​ខាង​ផ្នែក​អ្នក​រំលោភ​បំពាន​ផ្លូវភេទ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​ក្រុមហ៊ុន​អំពី​ថា​តើ​ហេតុអ្វី​បានជា​មនុស្ស​ចែករំលែក​មាតិកា​បែប​កេង​ប្រវ័ញ្ច​​កុមារ។

មក​ដល់ពេល​បច្ចុប្បន្ន​នេះ ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​អំពី​ថា​តើ​ហេតុអ្វី​បាន​ជា​មនុស្ស​ចូលរួម​ពាក់​ព័ន្ធ​នឹង​សម្ភារ​​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ មានការ​ពាក់​ព័ន្ធនឹងការ​វាយ​តម្លៃ​លើ​កត្តា​ផ្លូវ​ចិត្ត​របស់​មនុស្ស។ ទោះ​ជា​យ៉ាងណា ការ​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន Facebook មើល​ទៅ​លើ​​​ឥរិយាបថ​​ដែល​​កើតមាន​នៅ​ក្នុង​​​​ជីវិតប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់​​នៅលើ​ផ្លែតហ្វម​នានា​របស់​ក្រុមហ៊ុន Facebook។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បានវាយតម្លៃ​គណនី​ចំនួន ១៥០ ដែល​ក្រុមហ៊ុន Facebook បាន​រាយ​ការណ៍​​​ទៅកាន់​មជ្ឈមណ្ឌល NCMEC ដោយ​សារ​ការ​ទាញ​ចូល​ (upload) មាតិកា​បែប​កេង​ប្រវ័ញ្ច​កុមារ​​នៅ​ចន្លោះ​ពី​ខែ​កក្កដា​និង​ខែ​សីហា ឆ្នាំ​២០២០ ដល់​ខែ​មករា ឆ្នាំ​២០២១ និង​បាន​រក​ឃើញ​​ថា ជាង ៧៥% មិន​បាន​បង្ហាញ​ចេតនា​ព្យាបាទទេ (មិន​មាន​បំណង​ធ្វើ​បាប​កុមារ)។ ជំនួស​​មក​វិញ គណនីទាំង​នេះ​ទំនង​ជា​ចែកចំលែកមាតិកា​នេះ​ដោយ​សារ​ហេតុផល​ផ្សេង​ដូចជាការ​ខឹង​​សម្បារ ឬការ​​លេងសើច​មិនត្រឹមត្រូវ​ជា​ដើម។

ក្រុមហ៊ុន Facebook រាយការណ៍​ពី​ករណី​​កើតឡើង​នីមួយៗ​នៃ​មាតិកា​បែប​កេង​ប្រវ័ញ្ច​កុមារ​ទៅ កាន់មជ្ឈមណ្ឌល NCMEC រួមទាំ​ង​មាតិកា​ដែល​ក្រុមហ៊ុន​បាន​ឃើញ​និង​បាន​ដក​ចេញ​ដោយ ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា មុនពេលមាន​អ្នកណា​ម្នាក់មើល​ឃើញ​មាតិកា​នោះ​នៅលើ​បណ្តាញ ​ទំនាក់ទំនង​សង្គម Facebook។ ការសិក្សានេះ​ក៏បានរកឃើញផងដែរ​ថាភាគ​ច្រើន​នៃ​ការ​​ រាយការណ៍​ដែល​ក្រុមហ៊ុន Facebook បានបញ្ចូល​ទៅ​កាន់​មជ្ឈមណ្ឌល NCMEC មាន​មាតិកា​ដូចគ្នា​ឬ​ប្រហាក់ប្រហែល​គ្នា។ ៩០% នៃ​រូបភាព​ឬវីដេអូ​អំពី​ការរំលោភ​ បំពាន​ផ្លូវភេទ​កុមារ​ដែល​​ត្រូវ​បានវិភាគ​នៅក្នុង​ការ​សិក្សា​នេះ ត្រូវ​បានរក​ឃើញ​ថា ​បាន​ចម្លង​យក​មក​ប្រើ​ប្រាស់​​បន្ត មិន​​មែន​មាតិកាប្លែក​ពីគេ ឬ​​ថ្មី​ឡើយ។

លើសពីនេះទៀត  គ្រាន់តែ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានចំនួន ៦ ចេញ​ផ្សាយ​ជាង​ពាក់​ កណ្តាល​​នៃ​​មាតិកាបែប​កេង​ប្រវ័ញ្ច​កុមារ​ ដែល​ក្រុមហ៊ុន Facebook បានរាយការណ៍​ទៅ​កាន់​មជ្ឈមណ្ឌល NCMEC ក្នុងអំឡុងពេល​ដូច​គ្នា​នេះ។

ផ្អែក​លើ​ការវិភាគ​នេះ ក្រុមហ៊ុន​បានបង្កើត​យុទ្ធនាការ​នេះ​ឡើង​រួម​គ្នា​ជាមួយ​នឹង​ដៃគូ​នានា​ដែលធ្វើការងារ​លើ​សុវត្ថិភាពកុមារ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កើតមានឡើង​នូវ​មាតិកា​បែប​កេង​ប្រវ័ញ្ច​កុមារ ដែល​ត្រូវបានគេ​ចែករំលែក​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ​Facebook។

អ្នក​នាង Malina Enlund ប្រធាន​ផ្នែក​គោល​នយោបាយ​សុវត្ថិភាពប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​របស់​ក្រុមហ៊ុន Facebook បាន​ថ្លែងថា៖ “បើទោះ​ជា​ទិន្នន័យ​នេះ​បង្ហាញថា ​​ចំនួន​មាតិកា​មិន​ ​ស្មើ​គ្នា​នឹង​ចំនួនជនរងគ្រោះក្តី ក៏​ជនរងគ្រោះតែ​​​ម្នាក់​ក៏មាន​ន័យ​ថា​ច្រើន​ដែរ។ ការ​បង្ការ និង​ការ​លុប​បំបាត់​ការ​កេង​ប្រវ័ញ្ច​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាមអនឡាញ តម្រូវ​ឱ្យ​​មាន​វិធីសាស្រ្តឆ្លង​ឧស្សា​ហកម្ម​​​​មួយ ហើយ​ក្រុមហ៊ុន Facebook ប្តេជ្ញាចិត្ត​ចំពោះការ​ធ្វើ​ការងារ​របស់​​​យើង​ដើម្បី​ការងារ​​កុមារ​ទាំង​នៅក្នុង​និង​ក្រៅ​កម្មវិធី​បណ្តាញ​សង្គម​នានា (Apps) ​របស់​យើង។ យើង​កំពុង​ជ្រើស​​យក​វិធីសាស្រ្ត​​​ផ្អែកលើការ​ស្រាវ​ជ្រាវ ដើម្បី​បង្កើត​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ដែល​រារាំង​ដល់​ការ​ចែករំលែក​សម្ភារ​​​កេង​ប្រវ័ញ្ច​កុមារ”។

លោក សំលៀង សីលា នាយក​ប្រតិបត្តិ​​​អង្គការ  APLE បានថ្លែងថា៖ “យើង មានក្តីរីករាយយ៉ាង​ខ្លាំង​ដែល​បាន​ធ្វើការងារជា​មួយក្រុមហ៊ុន Facebook ដើម្បី​ដាក់​ដំណើរការ​យុទ្ធនាការ​នេះ ដែល​នឹង​អាច​ឱ្យ​មានការ​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​ថា តើ​ការ​​ចែករំលែករូបភាពឬ​វីដេអូ​​រំលោ​ភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាមអនឡាញ​មាន​ផលប៉ះ​ពាល់ខ្លាំង​ដល់កុមារ​ដែលត្រូវ​បាន​បង្ហាញក្នុង​មាតិកា​នោះកម្រិត​ណា និង​ថា តើ​មនុស្ស​ពេញ​វ័យ ​អាច​ធ្វើ​អ្វី​បា​ន​ដើម្បី​ទប់ស្កាត់ការ​ចែកចាយ​រូបភាពរំលោភ​បំពានកុមារទាំងនេះ​។ យើងអំពាវ​នាវ​ជា​បន្ទាន់​ទៅ​កាន់​សាធារណៈជន​ឱ្យចូលរួម​គាំទ្រ​ដល់​ការ​បង្ការ​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​តាម​អនឡាញ​តាម​រយៈ​ការ​ចែករំលែក​វីដេអូរ​យុទ្ធនាការ​នេះ និង​រាយការណ៍​អំពី​បទល្មើស”។

លោកបានបន្ថែមថា យើងទទួល​បាន​ការ​​​គាំទ្រ​ពី​ដៃគូនានា​ក្នុង​​រដ្ឋាភិបាល រួមមាន ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដែល​ជួយផ្សព្វផ្សាយអំពីយុទ្ធនាការ​នេះតាម​​បណ្តាញ​ដ៏​ទូលំទូលាយរបស់​ពួកគេនៅទូ​ទាំង​ប្រទេស។

រាយការណ៍វា កុំចែករំលែកវា

អ្នកអាច​ជួយ​កុមារ​បាន​តាមរយៈការ​រាយការណ៍​មាតិកា​បែប​កេង​ប្រវ័ញ្ច​កុមារ។ ប្រសិន​បើ​កុមារ​ម្នាក់​ស្ថិត​ក្នុងហានិភ័យ ចូរ​ទូរស័ព្ទ​ និង​រាយការណ៍​ករណី​នេះ​ទៅ​កាន់នគរបាលតាមរយៈ​លេខ​ទូរស័ព្ទសង្គ្រោះ​បន្ទាន់ ១២៨៨ ឬ​ទូរស័ព្ទទៅកាន់អង្គការ APLE ដែលមានលេខ ០៩២ ៣១១ ៥១១ (២៤ម៉ោង​ក្នុងមួយ​សប្តាហ៍)។ ប្រសិន​បើ​អ្នក​ឃើញ​រូបភាព​បែប​រំលោភ​​បំពាន​កុមារ​នៅលើ​បណ្តាញសង្គម Facebook ចូរ​រាយការណ៍រូបថតឬវីដេអូ​នោះទៅ​កាន់​ក្រុមហ៊ុន Facebook និង​មន្ត្រី​អនុវត្ត​ច្បាប់។ ចូរកុំ​ចែករំលែក ទាញយក ឬ​បញ្ចេញ​មតិ​យោបល់​នៅលើ​មាតិកា​នោះ។ អ្នក​អាចមានទោស​ពីបទ​ឧក្រិដ្ឋ​ចំពោះការ​ចែករំលែក ឬ​ផ្ញើសារ​ដែល​មាន​រូបថត និងវីដេអូ​បែប​រំលោភ​បំពានផ្លូវភេទ​​និង​កេង​ប្រវ័ញ្ច​​កុមារ។ អ្នក​នឹង​មិន​ត្រូវបាន​ស្នើ​សុំ​ឱ្យ​ផ្តល់​សេចក្តី​ចម្លង​នៃ​មាតិកា​នេះ​នៅ​ក្នុង​ការរាយការណ៍​ណា​មួយ​​ដែលអ្នក​ដាក់​ជូន​ទៅកាន់​ក្រុមហ៊ុន Facebook ទេ៕


ចែករំលែក៖