ចិនបានប្រារព្ធខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិន ដែលរៀបចំឡើងនៅទីលានធៀនអានម៉េននៅព្រឹកថ្ងៃទី១ខែកក្កដា ដោយមានការចូលរួមពីប្រធានាធិបតីចិនស៊ី ជីនពីង។
ក្នុងពិធីនោះមានឧទ្ធម្ភាគចក្ររហូតដល់ទៅ៣០គ្រឿងហោះហើររៀបជាលេខ១០០នៅលើដែនអាកាស ជាគម្រប់ខួប១០០ឆ្នាំ ក្រោមការស្រែកហ៊ោគាំទ្រពីពលរដ្ឋ នៅទីលានធៀនអានម៉េន ក្នុងទីក្រុងប៉េកាំង។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងសុន្ទរកថាដ៏សំខាន់នៅទីលានធៀនអានម៉េន ក្រោមការការពារសន្តិសុខយ៉ាងតឹងតែងបំផុត។ ប្រធានាធិបតីស៊ី ជីនពីង បានបញ្ជាក់ថា «យើងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចាប់ជំរិត ឬគំរាមកំហែងចិនជាដាច់ខាត។
ចិន មានរនាំងការពារយ៉ាងរឹងមាំដោយពលរដ្ឋជាង១,៤ពាន់លាននាក់។ យើងគឺជាអ្នកធ្វើឲ្យប្រទេសជាតិកាន់តែរឹងមាំនិងខ្លាំងក្លា …»។
ប្រធានាធិបតីចិនបានបន្តទៀតថា «ក្នុងឱកាសនេះ ខ្ញុំសូមតំណាងឲ្យបក្សនិងប្រជាជនចិនប្រកាសថា ជាមួយនឹងការខិតខំអត់ឈប់ឈរ របស់បក្សនិងប្រជាជន យើងសម្រេចបានជោគជ័យគោលដៅសតវត្សរ៍លើកដំបូង ហើយកសាងសង្គមកាន់តែរីកចម្រើនលើគ្រប់វិស័យ។ យើងបានអនុវត្តដំណោះស្រាយប្រវត្តិសាស្ត្រលើការលុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេសចិន ហើយយើងបានឆ្ពោះទៅកាន់គោលដៅក្នុងសតវត្សរ៍ទីពីរ គឺធ្វើឲ្យចិនក្លាយទៅជាសង្គមរីកចម្រើនស៊ីវិល័យ»។
ប្រធានាធិបតីចិនបញ្ជាក់ទៀតថា ប្រទេសខ្លាំងគឺត្រូវតែមានកម្លាំងទាហានខ្លាំង ធានាដល់សន្តិសុខជាតិ ទប់ស្កាត់រាល់ការគំរាមកំហែងពីសត្រូវ។ កម្លាំងទាហានជាសសរគ្រឹះដ៏រឹងមាំការពារប្រទេសជាតិនិងសមិទ្ធផលរបស់ចិនដែលទទួលបាន។
បក្សកុម្មនុយនីស្តចិនបានបង្កើតឡើងនៅឆ្នាំ១៩២១ ហើយឡើងកាន់អំណាចដឹកនាំប្រទេសនៅឆ្នាំ១៩៤៩ ក្រោមការដឹកនាំរបស់អគ្គលេខាធិការបក្ស និងជាប្រធានាធិបតី ម៉ៅ សេទុង ។
បច្ចុប្បន្នចិនមានសមាជិកបក្សរហូតដល់ទៅ៩៥លាននាក់ ដោយនៅក្នុងឆ្នាំ២០២០ បានកើនឡើង ២,៤៣លាននាក់៕
ដោយ៖ធីរីណា(រូបភាព៖Xinhua)