ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់ពីរនាក់រួចអ្នកបើករថយន្តបង្កហេតុបន្ថែមល្បឿនគេចបាត់ស្រមោល

ចែករំលែក៖

ខេត្តក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង ដោយរថយន្តបានបើកបុកម៉ូតូយ៉ាងពេញទំហឹងរួចហើយបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍រថយន្តបុកម៉ូតូបណ្តាលឱ្យមានអ្នកស្លាប់និងរបួសនោះបានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺឈានថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១លើកំណាត់ផ្លូវជាតិលេខ៧Aក្រចេះ-ស្ទឹងត្រែង ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨៧-៣៨៨ស្ថិតក្នុងភូមិទួលទ្រាំង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

   តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ជឿន សារី ភេទប្រុសអាយុ៣៦ឆ្នាំ ត្រូវជាប្តីបានរងរបួសធ្ងន់។

ជនរងគ្រោះទី២-ឈ្មោះ ឡៅ ស្រីមុំ អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធបានស្លាប់នៅនឹងកន្លែងកើតហេតុ និងទី៣-ឈ្មោះ មេធ ម៉ាលី ភេទស្រី អាយុ៣ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។  អ្នកទាំង៣រស់នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

  ប្រភពបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍​នេះកើតឡើងរវាងរថយន្ត​ដែលទៅបុកកៀរ​ម៉ូតូយ៉ាងពេញទំហឹងក្នុងទិសដៅពីជេីងទៅត្បូងស្របគ្នា​ បណ្ដាលឱ្យមានអ្នកស្លាប់និងរបួសធ្ងន់បែបនេះតែម្តង។

អ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗដែរ។

រីឯម៉ូតូជនរងគ្រោះម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ខូចខាតទាំងស្រុងបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង។

ចំណែករថយន្តមិនស្គាល់ម៉ាកបានបេីករត់គេចបាត់ស្រមោលទៅទិសខាងត្បូង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

                             

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖