ភ្នំពេញ៖ បុរសម្នាក់កំពុងបើកម៉ូតូសុខៗត្រូវម៉ូតូមួយគ្រឿងទៀតបើកទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រពន្ធដឹកតាមឡំប្រឺតាយកទៅសង្រ្គោះ តែអកុសលខាងមន្ទីរពេទ្យជាច្រើនមិនទទួលព្យាបាលក៏ស្លាប់នៅតាមផ្លូវ ចំណែកឯភាគីម្ខាងទៀត ជាអ្នកបង្កបានបើករត់គេចខ្លួនបាត់ស្រមោលទៅ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចជាប់រោងចក្រចាន់សុវណ្ណ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ សឿង ឃឹម អាយុ៤៣ឆ្នាំ មុខរបរជាកម្មករសំណង់ មានប្រពន្ធនិងកូន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញប្ដីប្រពន្ធពីរនាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ តាមបណ្តោយផ្លូវបេតុង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានជិះក្នុងល្បឿនលឿនបញ្រ្ចាសទិសគ្នាទៅបុកចំពីមុខម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរងរបួសធ្ងន់។ បន្ទាប់មកប្រពន្ធជនរងគ្រោះក៏បានហៅឡំប្រឺតាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាច្រើន តែដោយខាងមន្ទីរពេទ្យមិនទទួលពិនិត្យ គាត់ក៏បានស្លាប់នៅលើឡំប្រឺតាតែម្តងទៅ រួចក៏បានដឹកសពមកកន្លែងកើតហេតុវិញ រង់ចាំសមត្ថកិច្ចចុះមកពិនិត្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឱ្យរងគ្រោះទៅដាក់ពាក្យបណ្ដឹង ងាយស្រួលឆែកកាមេរ៉ាតាមរកជនបង្ក ហើយក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ ជ្រោយពេជ្រ