ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីរសៀលនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ចន្លោះគឺឡូម៉ែត១៥១និង១៥២ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ សៅ វិរៈ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រនិងអ្នករួមដំណើរមានឈ្មោះ គង់ វិច្ឆិរ៉ា ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងឈ្មោះ ឥន ដា ភេទស្រីអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិនារទេន ឃុំព្រៃស្ទៀល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១Q.៧០៥២ខូចខាតយ៉ាងដំណំ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ថោង សុីណា ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានមនុស្សប្រុសស្រី៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១Q.៧០៥២ធ្វើដំណើរពីកើតទៅលិចមិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១E.៣៤៧៩ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចដឹកមកសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃអង្គុញដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ យឹម សុថាន