ព័ត៌មានទាន់ហេតុការណ៍៖

សុខ រ៉ាស៊ី ប្តឹងទារសំណងពីលោក អ៊ិន សុភិន ចំនួន១៥.៧០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត លោក សុខ រ៉ាស៊ី បានទម្លាយអំពីបុគ្គលដែលជំពាក់ប្រាក់ និងគេវេសមិនសងប្រាក់តាមកាលកំណត់ ដោយអូសបន្លាយជិតមួយឆ្នាំ ហើយនោះគឺលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯកនោះ។ ពេលនេះលោកសុខ រ៉ាស៊ីបានសម្រេចប្តឹងទាមទារសំណងពីលោក អ៊ិន សុភិនចំនួន១៥.៧០០ដុល្លារអាមេរិក។ 

  ព្រោះតែការអស់ការអត់ធ្មត់ ដោយការព្យាយាមទំនាក់ទំនងជាច្រើនខែនោះ លោកសុខ រ៉ាស៊ីថាពិបាកទទួលយករឿងមួយនេះ។ លោកថា បើទោះបីជារដូវកូវីដ-១៩ក៏លោកមិនជឿថា លោក អ៊ិន សុភិនគ្មានប្រាក់ទូទាត់ដែរ ព្រោះតែលោករស់នៅផ្ទះវីឡាធំស្កឹមស្កៃ តែការមិនព្រមសងឲ្យលោកនេះមកពីលោកមិនទទួលខុសត្រូវ ដូចនេះមានតែទុកឲ្យផ្លូវច្បាប់ជាអ្នកដោះស្រាយ។លោកថាមុនពេលសម្រេចចិត្តដោះស្រាយតាមផ្លូវច្បាប់នេះគឺលោកពិតជាព្យាយាមទំនាក់ទំនងដោយភាពយោគយល់ជាទីបំផុតជាមួយលោក អ៊ិន សុភិន ប៉ុន្តែគាត់នៅតែមិនទទួលខុសត្រូវ ហើយបើទោះបីជាលោកទុកឱកាសឲ្យពេលវេលាច្រើន និងការបង់តាមដំណាក់កាលក៏ដោយ។ លោកថាពេលនេះលោកបានឲ្យមេធាវីរៀបចំពាក្យបណ្ដឹងលើលោកអ៊ិន សុភិន ទៅតុលាការហើយដែរ។ លោកសុខរ៉ាស៊ី លើកឡើងថា លោកបានសម្រេចចិត្តប្ដឹងលោកអ៊ិន សុភិន នៅពេលនេះគឺដើម្បីកុំឲ្យលោកធ្វើអីចឹងទៀតដាក់អ្នកផ្សេង នាំឲ្យខូចកេរ្ដិ៍ឈ្មោះផលិតករនិងថៅកែផលិតកម្មគេល្អផ្សេងៗទៀត ម្យ៉ាងទៀតជៀសវាងមានអ្នកផ្សេងទៀតរងគ្រោះដូចរូបលោក។

  ស្វែងរកការបញ្ជាក់ពីលោក អ៊ិន សុភិន មិនទាន់បាននៅឡើយទេ ប៉ុន្តែតាមសារបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកបានលើកឡើងថា “មានរឿងថ្មីរហូត តែខ្ញុំទុកឲ្យផ្លូវច្បាប់ជាអ្នកដោះស្រាយចុះ ខ្ញុំ មិនមានការបកស្រាយអីទេ តើចុងក្រោយទៅជាយ៉ាងម៉េច?  អរគុណចំពោះបងប្អូនដែលកង្វល់អំពីរឿងនេះ តែហ៊ានធានាថាមិនមានរឿងអីទេ”។ 

  ទោះជាយ៉ាងណានេះមិនមែនជាករណីលើកដំបូងទេដែលផ្ទុះចេញរឿងចម្រូងចម្រាស់ទាក់ទិននឹងរឿងលុយកាក់នោះ ដែលកន្លងទៅក៏មានសិល្បករមួយចំនួនបានបញ្ចេញសារដោយរិះគន់ចំៗទៅកាន់ផលិតកម្មមហាហង្សរបស់លោក អ៊ិន សុភិន ក្នុងការបើកប្រាក់ឲ្យសិល្បករតាមការកំណត់ និងគ្រប់ចំនួននោះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖