ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្ដេជ្ញា ខិតខំ ជម្រុញ ការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោ ឲ្យជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។

  កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដោយបានពិនិត្យ ពិភាក្សា និងការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ ចំណុច របស់សម្ដេចតេជោហ៊ុនសែន ក្នុង

ការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងសេចក្ដីព្រាងគោលនយោបាយស្ដីពីតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការវាយតម្លៃ ផែនការយុទ្ធសាស្រ្ត ,សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់ការ ប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការសេវាមន្ទីរពិសោធន៍។ 

     លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរ ស្ថាប័ន ពាក់ព័ន្ធនិងសមត្ថកិច្ចយកចិត្តទុកដាក់ពិសេស គឺការអនុវត្តយុទ្ធសាស្ដ្រ ទាំង៦ ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

   លោកបន្តថា ៖ការធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ជាកិច្ចការងារមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៦ ចំណុចរបស់សម្ដេចតេជោ ដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តឱ្យទទួលបានជោគជ័យ។  ក្រោយកិច្ចប្រជុំពិភាក្សានិងអនុម័តហើយ យើងនឹងធ្វើរបាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។

   ក្នុងនោះដែរលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមកពីខាងក្រៅ ប្រទេស ពោលគឺ ឱ្យពួកគាត់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កនិងបន្តឱ្យធ្វើចត្តាឡីស័កចំនួន៧ថ្ងៃទៀតនៅផ្ទះ ដើម្បីឱ្យគ្រប់ចំនួន២១ថ្ងៃ។

   បន្ថែមពីលើនេះទៀត៖ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជុំវិញពីទីតាំងដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលមានដូចជា ការជួបជុំផឹកស៊ីដែលមានមនុស្សច្រើន ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដែលត្រូវតែមានវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ៕

ដោយ ៖ សំរិត


ចែករំលែក៖