ឥណ្ឌាបានឆ្លងផុតដំណាក់កាលអាក្រក់បំផុតនៃការឆ្លងរាលដាលកូវីដ-១៩លើកទីពីរ ប៉ុន្តែវីរុសបំប្លែងខ្លួនថ្មី Delta បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ប្រឈមនឹងការឆ្លងខ្ពស់។
សារព័ត៌មាន BBC បានផ្សាយថា តាមអង្គការសុខភាពពិភពលោកWHO បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីបានឆ្លងរាលដាលយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ។ វីរុសបំប្លែងថ្មីបានឆ្លងរាលដាលដល់៩៨ប្រទេសហើយនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់ដែលមានពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
ប្រទេសមួយចំនួននៅជិតខាងប្រទេសឥណ្ឌា ដូចជានេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កាមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់តាំងពីខែឧសភា បើទោះបីមានការឆ្លងថយចុះក្តី។ ក្រៅពីនេះនៅមានប្រទេសដែលឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta មានប្រទេសឥណ្ឌូនេស៊ី បង់ក្លាដេស ថៃ និងអុីរ៉ង់។
ប្រទេសឥណ្ឌូនេស៊ី ៖ ប្រទេសនេះបានអនុម័តបិទខ្ទប់តំបន់មួយចំនួនរហូតដល់ថ្ងៃទី២០ ខែកក្កដា ក្រោយពេលមានករណីឆ្លងកូវីដ-១៩ និងស្លាប់កើនឡើងខ្ពស់ ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការឆ្លងកើនឡើងខ្ពស់គឺដោយសារតែវីរុសបំប្លែងខ្លួនថ្មី Delta ។ ក្រសួងសុខាភិបាលប្រទេសនេះបានបញ្ជាក់ថា ៦០%នៃការឆ្លងកូវីដ -១៩រយៈពេល ៣ខែកន្លងមកគឺប្រភេទDelta ។
ប្រទេសបង់ក្លាដែស៖ ចាប់តាំងពីពាក់កណ្តាលខែឧសភា បង់ក្លាដែស ប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ ។ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៧ខែកក្កដា ចំនួនអ្នកឆ្លង៦៨%នៅទីក្រុង Dhaka ជាប្រភេទបំប្លែងថ្មីDelta ។ មកទល់ថ្ងៃទី៦ខែកក្កដា បង់ក្លាដែសមានករណីឆ្លងកូវីដ-១៩ សរុបជាង ៩៥៤ពាន់នាក់ និងស្លាប់ ជាង១៤ពាន់នាក់។
ប្រទេសថៃ៖ ករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ រយៈពេលកន្លងមកគឺមាន២៦%ជាប្រភេទបំប្លែងថ្មី ។ ថៃមានករណីឆ្លងកូវីដ-១៩ សរុបជាង២៩៤ពាន់នាក់ និងស្លាប់ជាង២,៣ពាន់នាក់។
ប្រទេសអុីរ៉ង់ ៖ មានករណីឆ្លងកូវីដ-១៩ បំប្លែងខ្លួនថ្មីជាច្រើនក្នុងប្រទេសនេះ ដែលជាការឆ្លងលើកទី៥ហើយ ។ រដ្ឋាភិបាលអុីរ៉ង់បានចាត់វិធានការតឹងតែងដើម្បីទប់ស្កាត់ការឆ្លងកូវីដបំប្លែងថ្មី ពីបណ្តាប្រទេសនៅអាស៊ីខាងត្បូងនិង អាស៊ាន។ មកទល់ពេលនេះអុីរ៉ង់ មានករណីឆ្លងកូវីដ-១៩ សុរុបជាង ៣,២លាននាក់ ៕
ដោយ៖ ធីរីណា(រូបភាព៖Getty Images+AFP/TTXVN