ព័ត៌មានទាន់ហេតុការណ៍៖

ជន​សង្ស័យ៣នាក់រៀបចំឧបករណ៍បម្រុងចេញធ្វើ​សកម្មភាព​លួច​ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

      ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍​កាកាប​ទី​១បានឃាត់ខ្លួនជន​សង្ស័យ​ចំនួន៣នាក់​ដែលកំពុងរៀបចំឧបករណ៍បម្រុង​​ធ្វើ​សកម្មភាព​លួច​ ។

  ហេតុការណ៍ឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលារំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​៧​ ខែ​កក្កដា​​ ឆ្នាំ​២០២១​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ​រាជធានី​ភ្នំពេញ​។ ​

   លោក​វរសេនីយ៍ត្រី​ ទូច​ ទី​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​១​ បាន​ដឹកនាំ​មន្ត្រី​នៅ​ក្រោម​ឱវាទ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​ល្បាត​ពួន​ស្ទាក់ដើម្បី​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋមូល​ដ្ឋាន​​ ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​ចំនួន​១​ក្រុមមានគ្នា៣នាក់​កំពុងប៉ុនប៉ង​​ធ្វើ​សកម្មភាព​លួច​។ ​ភ្លាមៗនោះ​​កម្លាំង​នគរបាល​ក៏​បានឃាត់​ខ្លួន​ជន​សង្ស័យ​រួម​នឹងវត្ថុ​តាង​ម៉ូតូ​ចំនួន​១​គ្រឿង​ ដែក​កែ​ច្នៃ​សម្រាប់​កាច់​ក​ម៉ូតូ​ចំនួន​១​​ កូន​សោរខ្សៀចំនួន​១​​ ដង្កាប់ចំនួន​១​ និង​សម្ភារមួយ​ចំនួន​ទៀត​ ​យក​ទៅសួរ​នាំ​នៅប៉ុស្តិ៍​។

   បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​១​ ​កំពុង​សាក​សួរ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​នៃ​អធិការ​ដ្ឋានខណ្ឌ​ចាត់ការ​​បន្តតាមនីតិវិធី​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖