ភ្នំពេញ៖ រថយន្តធុនធំដឹកអុសបើកលឿនដល់ផ្លូវបំបែកជា៤ មិនប្រយ័ត្នបានបួងចង្កូតគេចពីរថយន្តនៅខាងមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើងអូសទៅបោកផ្ទប់នឹងរថយន្តម៉ាកហ្វដដែលកំពុងរង់ចាំភ្លើងស្តុបរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ខែកក្កដាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ (ចំណុចជាប់នឹងភ្លើងស្តុប២៤ម៉ោង) ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមិនចាំម៉ាកមួយគ្រឿងបានបើកតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំដឹកអុសមួយគ្រឿងទៀតក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-0468 បានបើកតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅប៉ះរថយន្តមិនចាំម៉ាកនោះចំផ្នែកខាងមុខហើយបានក្រឡាប់ផ្ងារជើង អូសទៅបោកផ្ទប់នឹងរថយន្តម៉ាកFord មួយគ្រឿងទៀត ពណ៌សពាក់ស្លាកលេខ កម្ពុជា P.N.7281 ដែលកំពុងតែរង់ចាំភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតជាទម្ងន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីឱ្យចុះមកវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ៕
ដោយ៖ជ្រោយពេជ្រ