ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីកាលៈទេសៈបាននិងកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ក៏ពិតមែន ក៏លោកមិនបានភ្លេចពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែរ ដែលមានដូចជាផ្លូវ ប្រឡាយ លូ ជាដើម។មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះមិនមានការថមថយនោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលផ្លូវនឹងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំងគង់ សំអុល (ផ្លូវលេខ២០០៤) និងការដាក់លូជាច្រើនខ្សែទៀតនៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំងគង់ សំអុល (ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសា ធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុង ឆ្អឹងដែក កម្រាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹងពី១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ។
ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានការដាក់ប្រព័ន្ធលូបង្ហូរទឹកទំហំ១ម៉ែត្រសងខាងផ្លូវ ដាក់លូកាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹកចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវលេខ៣៧១ផងដែរ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញក៏មានការកែលម្អប្រព័ន្ធលូចំណុច ប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់ សំអុល(ផ្លូវ២០០៤)កែងផ្លូវ៣៧១ ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិចដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ៕
ដោយ ៖ សំរិត