ព័ត៌មានទាន់ហេតុការណ៍៖

ចិនឈរលេខ១ ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារ​ គិតត្រឹម​ឆមាសទី១ឆ្នាំ២០២១នេះ!

ចែករំលែក៖

ភ្នំពេញ​៖ បើតាមរបាយការណ៍ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា គិតត្រឹម​ឆមាសទី១ ឆ្នាំ២០២១នេះ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា​ ប្រទេសចិន​ គឺជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជា ច្រើនជាងគេ គិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ។

របាយការណ៍ CDC បានបញ្ជាក់បន្ថែមទៀតថា៖ «ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប»។

សូមជម្រាបថា សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន ៣.៣៦% (ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុប, លេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧% (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ ចំនួន០.៦៨% (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧% (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុប។ ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជា ចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប, សហរដ្ឋអាមេរិក ឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប។

គួរបញ្ជាក់ថា​ កម្ពុជា​ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម ចំនួន៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន ២ ៩៦៩ ៦២៩ ៣៣៨ ដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៥០ ០២៩កន្លែង។​ ជាក់ស្ដែងបើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគ មានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក៕ដោយ​៖សហការី​


ចែករំលែក៖