ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានផ្តល់ស្បៀងអាហារនិងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅស្រុករំដួលនិងស្រុកចន្ទ្រា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានប្រគល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនដល់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង សម្រាប់យកទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកចន្ទ្រា និងស្រុករំដួល នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ 

    លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់បំ ពេញភារកិច្ចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាពិសេស ការអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា ។ 

   លោកស្រីឧបនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ(ដែលតា និងបែលតា)ចូលក្នុងសហគមន៍ ។ ជាពិសេស ត្រូវផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលដែលកើតចេញពីព្រឹត្តិការណ៍២០កុម្ភៈ ។

    អំណោយដែលបានផ្តល់ជូនស្រុករំដួល និងស្រុកចន្ទ្រានាពេលនេះរួមមាន៖ ទឹកសុទ្ធ៥០កេស អង្ករ១តោន មី៥០កេស ទឹកត្រី៥០យួរ ទឹកស៊ីអុីវ៥០យួរ ត្រីខ ៥កេស ម៉ាស់៥កេសធំ អាល់កុល៣កាន សាប៊ូលាងដែ១០០ដុំ ថ្នាំដុសធ្មេញ ១០០ទីប ច្រាសដុសធ្មេញ១០០ដើម និងថវិកា១លានរៀល ៕ 

                                                

ដោយ ៖ សំរិត


ចែករំលែក៖