ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយរ៉ុក្កែតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាដាដប្រទេសអុីរ៉ាក់

ចែករំលែក៖

កម្លាំងទាហានអុីរ៉ាក់បានប្រកាសថា មានរ៉ុក្កែត២គ្រាប់បានធ្លាក់ចំទីតាំងជិតស្ថានទូតអាមេរិកនៅទីក្រុងបាដាដនាថ្ងៃទី៨ខែកក្កដា ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់ឬរងរបួសនៅក្នុងហេតុការណ៍ខាងលើនៅឡើយទេ។
សារព័ត៌មានរ៉យទ័របានផ្សាយថា គ្រាប់រ៉ុក្កែតមិនធ្លាក់ចំទីតាំងស្ថានទូតអាមេរិកនោះឡើយគឺគ្រាន់តែធ្លាក់ចំតំបន់បៃតង ដែលជាតំបន់ការពារយ៉ាងតឹងតែងក្នុងទីក្រុងបាដាដ។ ប្រភពព័ត៌មានពីក្រុមសន្តិសុខអុីរ៉ាក់បានឱ្យដឹងថា ប្រព័ន្ធប្រឆាំងរ៉ុក្កែត របស់ស្ថានទូតអាមេរិកបានធ្វើឱ្យគ្រាប់រ៉ុក្កែតហោះខុសគោលដៅពីស្ថានទូតអាមេរិក។
កាលពីថ្ងៃទី៧ខែកក្កដា មន្ត្រីអាមេរិក និងអុីរ៉ាក់បានឱ្យដឹងថា ទីតាំងការទូតនិងយោធាអាមេរិកក៏ដូចជាអុីរ៉ាក់និងស៊ីរី បានរងការវាយប្រហារដោយរ៉ុក្កែត៣គ្រាប់ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ជាមួយគ្នានោះ មានគ្រាប់រ៉ុក្កែត១៤គ្រាប់បានវាយប្រហារចំទីតាំងទាហានអាកាស Ain al-Assad ក្នុងប្រទេសអុីរ៉ាក់ដែលមានទាហានអាមេរិកឈរជើង បណ្តាលឲ្យទាហានអាមេរិក២នាក់រងរបួស។
ការវាយប្រហារទៅលើគោលដៅរបស់អាមេរិក គឺធ្វើឡើងពីក្រុមប្រដាប់អាវុធប្រឆាំងនឹងសកម្មភាពរបស់អាមេរិកនៅក្នុងប្រទេសអុីរ៉ាក់។ នៅថ្ងៃទី៥ខែកក្កដា កន្លងមក ទីតាំងយោធាអាមេរិកក្នុងប្រទេសអុីរ៉ាក់ក៏រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត៣គ្រាប់ផងដែរ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរបួសនោះឡើយ៕

ដោយ៖ ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖