ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ! សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រី(របាំងស្បៃមុង)ជាង១០០ខ្សែ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រោមកិច្ចចង្អុលការផ្ទាល់អភិបាលរងខេត្តទទួលបន្ទុក លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីរដ្ឋបាលជលផលចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ចូលរួមសហការដោយ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សរុបប្រមាណជាង៣០នាក់ មធ្យោបាយដោយកាណូតចំនួន១០គ្រឿង ។

 ករណីសមត្ថកិច្ចចុះបង្រ្កាបបទល្មើសនេសាទនារដូវបិទនេសាទបិទនេះ ធ្វើឡើងនាថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីចំណុចជ្រោយស្ដីរហូតដល់ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផល  បំផ្លាញចោលនូវរបាំងស្បៃមុងដែលជាវត្ថុតាងចំនួន៧១ខ្សែ ស្មើនឹងប្រវែងចំនួន៧.៨៥០ម៉ែត្រ លូកងស្បៃមុងចំនួន៦០មាត់ បង្គោលចំរឹងចំនួន១.០២០ដើម និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបចំនួន១០គីឡូក្រាមផងដែរ ។

 គួររំលឹកថា កាលពីម្សិលមិញថ្ងៃទី៩ ខែឆ្នាំដដែល បានបំផ្លាញចោលនូវរបាំងស្បៃមុងចំនួន៣០ខ្សែ ស្មើនឹងប្រវែង២.៨០០ម៉ែត្រ លូកងស្បៃមុងចំនួន៦០មាត់ បង្គោលចំរឹងចំនួន៦៥០ដើម ថែមទាំងចាក់លែងត្រីចម្រុះចំនួន២៥គីឡូក្រាម ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖