ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តធុនធំពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៦៦ កែងនឹងផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-9477បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ1966 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FG-0411បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ2011 ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកតៃកុងរថយន្តធុនធំបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕
ដោយ៖ និន សុភ័ស្ត