ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមែរសឺដែសស៊េរីទំនើបពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមែរសឺដែសស៊េរីទំនើបពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង២០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមែរសឺដែសស៊េរីទំនើបមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-8172បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុត្រង់ភ្លើងស្តុប

មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានបត់ឆ្វេងចូលទៅក្នុងព្រលានយន្តហោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BI- 5324បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តចំពីចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖