ភ្នំពេញ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំង២គ្រឿងខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ដោយមូលហេតុបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ម្ដុំហ្ក្រែនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាក Ranger raptor ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BQ-0045 តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តគ្រឿងទៀតម៉ាក Rav4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ -3633 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងដូចគ្នាក្នុងទិសដៅបញ្ជ្រាសទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក Ranger Raptor បានរេចង្គូតមកខាងឆ្វេងឡើងរបាំងថ្មពុះចែកទ្រូងផ្លូវមកបុករថយន្ត Rav4 យ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតផ្នែកខាងមុខ និងបាក់កាឡេកង់មុខ តែសំណាងល្អមិនមានមនុស្សរងរបួសឡើយក្នុងហេតុការណ៍នេះ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុធ្វើការវាស់វែង រួចភាគីទាំងសងខាងសុំសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្តRav4 ទារសំណងចំនួន៣០០០$ ពីភាគីម្ខាងទៀត តែភាគីម្ខាងទៀតព្រមសងតែតម្លៃ១០០០$ ដោយការសម្របសម្រួលពុំត្រូវគ្នានោះ ត្រូវបាននគរបាលជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្ទួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកសិនដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ និន សុភ័ស្ត