ព័ត៌មានទាន់ហេតុការណ៍៖

បន្តបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារអូររាំងឪ រយៈពេល ១៤ថ្ងៃបន្ថែមទៀត !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបន្តបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារអូររាំងឪ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១៣-២៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សូមប្រជាពលរដ្ឋ និងអាជីវករ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី “៣ការពារ និង ៣កុំ” និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ 

រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន បងប្អូនអាជីវករនៅ ស្រុកអូររាំងឪ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ឲ្យបានជ្រាបថា ដោយសារស្ថានភាពឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកអូររាំងឪ ពុំទាន់ថមថយ និងបានរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ជារៀងរាល់ថ្ងៃជាបន្តបន្ទាប់។

ដូចនេះ ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្ត សម្រេចបន្តបិទការចេញ-ចូលជាបណ្តោះ អាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណផ្សារអូររាំងឪ ស្ថិតនៅភូមិ០៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រយៈពេល ១៤(ដប់បួន)ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១៣-២៦ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្តីសម្រេចថ្មីមកជំនួស។

អាស្រ័យហេតុនេះ សូមសាធារណជន បងប្អូនអាជីវករនៅស្រុកអូររាំងឪ និង ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី “៣ការពារ និង៣កុំ” និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងចៀសផុតពី ជំងឺដ៏កាចសាហាវនេះ៕

ដោយ ៖ សិលា


ចែករំលែក៖