ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចបើកដំណើរការផ្សារបឹងកេងកងឡើងវិញ មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេច ៖

ប្រការ១ …ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។

ប្រការ២ …ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារបឹងកេងកង ត្រូវ អនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដូចខាងក្រោម៖

– អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគ រកមេរោគកូវីដ-១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផល តេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី ក្នុងមូលដា្ឋនអាជីវកម្មរបស់ខ្លួន

– យកចិត្តទុកដាក់អនុវត្តសេចក្ដីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ

– ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូល គ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការ ចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាតឡាត ១,៥ ម៉ែត្រ ជាចាំបាច់ ក្នុងបរិវេណផ្សារនីមួយៗ

– អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ ឬ មិនរក្សាគម្លាតសុវត្ថិភាពទេនោះ៖ គណៈកម្មការផ្សារ ត្រូវសហការជាមួយ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិត ទឹកប្រាក់ពិន័យអន្តរការណ៍ ចង្អោរពី ២០០.០០០៛ ដល់ ១.០០០.០០០៛ ស្របតាមប្រការ ២ នៃ ប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ដែល ប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ។

– ហាមដាច់ខាតការជួបជុំប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំនេះ គណៈកម្មការផ្សារ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ ពិន័យអន្តរការណ៍ ២.០០០.000៛ ស្របតាមប្រការ ១ នៃសេចក្ដីសម្រេចលេខ ០៨៩/២១ សសរ.ច ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពិន័យអន្តរការណ៍ចំពោះ បុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ – តម្រូវឱ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុង បរិវេណផ្សារ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

– រៀបចំកំណត់ច្រកចេញ-ចូលផ្សារ ដើម្បីងាយស្រួលគ្រប់គ្រងការចេញ-ចូលរបស់អាជីវករ អតិថិជន និងកំណត់ច្រកសុវត្ថិភាពសម្រាប់ការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពអាសន្ន

 – ចាត់ឱ្យមានអ្នកវាស់កម្ដៅ បាញ់ទឹកអាល់កុល-ដែលអាល់កុល និងអនុវត្តការស្កេន QR Code”ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលផ្សារដែលបានកំណត់

– ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬ ដាក់ទឹកអាល់កុល-ជែលអាល់កុល ឱ្យបានច្រើន ទីតាំងក្នុងផ្សារ ដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់

 – ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំនៅបរិវេណជុំវិញផ្សារ និងផ្នែកខាងក្នុងផ្សារ និងត្រូវយកចិត្ត ទុកដាក់លាងសម្អាតបន្ទប់ទឹក និងជូតសម្អាតដោយទឹកអាល់កុល ឬទឹកសាប៊ូចំពោះកន្លែងដែលមានការប៉ះពាល់ច្រើន

– ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលប្រមូលកាកសំណល់ ដោយត្រូវដាក់ពង្រាយធុងសំរាមឱ្យបាន គ្រប់គ្រាន់ និងត្រូវពាក់ស្រោមដៃ ឬ ប្រើប្រាស់ប្រដាប់ចាប់ប្រមូលសំរាមជានិច្ច

 – ចៀសវៀងការទទួលទានអាហារជុំគ្នា ក្រៅពីរង្វង់សាច់ញាតិ-ក្រុមគ្រួសារ ឬ អ្នកនៅក្នុងទីសំណាក់ ជាមួយគ្នា និងលើកទឹកចិត្តឱ្យវេចខ្ចប់អាហារមកពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទាននៅក្នុង អំឡុងពេលប្រកបអាជីវកម្មក្នុងបរិវេណផ្សារ

– ប្រសិនបើមានអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ អតិថិជន ឬ ជនណាម្នាក់ដែល មានវត្តមានក្នុងបរិវេណផ្សារ មានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដក ដង្ហើម ឬ រោគសញ្ញាផ្សេងទៀត គណៈកម្មការផ្សារ ត្រូវហៅទូរសព្ទទៅកាន់លេខ ១១៥ និង ទំនាក់ទំនងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមគ្រូពេទ្យចុះយកសំណាក ហើយត្រូវរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ទាន់។

ប្រការ៣ …ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរ សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យក្នុងមូលដ្ឋានផ្សារបឹងកេងកង សំដៅ ធានាការអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ។ ក្នុងករណីរកឃើញថា គណៈកម្មការផ្សារ ឬ បុគ្គលណាម្នាក់ មិនព្រមសហការ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។
ប្រការ៤…បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមាន អានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៏។

ប្រការ៥…នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ -អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារ អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖