ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបមិនបានសម្រេចហើយត្រូវជាប់ខ្នោះសមត្ថកិច្ចទៀត

ចែករំលែក៖

ខេត្តកណ្ដាល៖ មុខសញ្ញាឆក់កាបូបតាមដងផ្លូវម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះជិះម៉ូតូឆក់យកកាបូបពីពលរដ្ឋ២នាក់ប្តីប្រពន្ធ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ។ ករណីនេះបានកើតឡើងនៅ ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ២០៦ ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន ស្រីនាង​ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០ បុរីពិភពថ្មី២ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ មុខរបរបុគ្គលិកក្រុមហ៊ុនBIM។ ចំណែកជនសង្ស័យឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IS-3509(របស់ជនសង្ស័យជិះធ្វេីសកម្មភាព), កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១, កាបូបដៃពណ៌ឈាមជ្រូកចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង(ម៉ាកiphone.Xs maxពណ៌មាស និងម៉ាកmeitu ពណ៌សលាយផ្កាឈូក។

     ប្រភពដដែលបន្តថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ ឆ្ពោះទៅកន្លែងធ្វេីការនៅឯភ្នំពេញ លុះជិះមកដល់ត្រង់ចំណុចកេីតហេតុខាងលេី ស្រាប់តែជនសង្ស័យជិះម៉ូតូ១គ្រឿងមកពីក្រោយដល់ទន្ទឹមគ្នាក៏ធ្វេីសកម្មភាពឆក់យកកាបូបយួរដៃរបស់ជនរងគ្រោះដែលកាន់ដាក់លេីភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជួយធ្វើអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

    សូមបញ្ជាក់ថា ជនសង្ស័យខាងលេីមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលលេខ២៩៦ដកបចខចេញដោយចៅក្រមស៊េីបសួរជួន  វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០​ ពីបទ​លួច​មានស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅភូមិតាខ្មៅ​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ ២៣​ ខែមីនា​ ឆ្នាំ​២០២០​៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖