ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះនគរបាលខេត្តកំពង់ចាម ចុះប្រតិបត្តិការស្រាវជ្រាវរឿងស្ត្រីមេម៉ាយម្នាក់ដែលថាមានជនមិនស្គាល់មុខឡើងវាយដល់លើផ្ទះ(មានវីដេអូ)

ចែករំលែក៖

ខេត្តកំពង់ចាម ​៖ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ វ៉ា សុផា រស់នៅក្នុងភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលនិយាយថា មានជនមិនស្គាល់មុខឡើងវាយដល់លើផ្ទះកាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២១កន្លងមកនោះ ពេលនេះត្រូវបានកម្លាំងចម្រុះនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម ចុះសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍ឃុំក្រឡា កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយអាជ្ញាធរឃុំ និងមេភូមិទួលពពេល បើកការស៊ើបអង្កេតយ៉ាងក្ដៅគគុក នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក្រោយពីលោកទទួលបានព័ត៌មានភ្លាមៗ ។

តាមការសាកសួរប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុខាងលើ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានជំងឺសរសៃប្រសាទ តែងតែដើរចោទប្រជាពលរដ្ឋនៅក្នុងភូមិថា គេលួចលក់ដីរបស់គាត់ គេលួចគោរបស់គាត់យកទៅ

កាប់សុីជាដើម តែអ្នកភូមិមិនដែលប្រកាន់យកទោសអូសដំណើរអ្វីនឹងគាត់ទេ ហើយចំពោះក្បាលរបស់គាត់ដែលថាមានរបួសនោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តរកមូលហេតុ ។ ចំណែកអ្នកភូមិរស់នៅជិតខាងស្រ្តីខាងលើបាននិយាយថា មិនមានអ្នកណាវាយគាត់ទេ ប្រហែលជាគាត់ដើរដួល ឬដើរបុកនឹងអ្វីមួយ ។

ចំណែកប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុខ្លះបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ មិនមែនមានជំងឺសរសៃប្រសាទទេ គឺស្ត្រីខាងលើធ្វើជាកើតជំងឺសរសៃប្រសាទ ។

ដោយឡែកកូនប្រុសស្ត្រីរងគ្រោះឈ្មោះ សាង បានឱ្យដឹងថា នៅវេលាម៉ោងខាងលើមានជនបិទមុខបានឡើងតាមបង្អួច មកវាយម្ដាយរបស់ខ្លួនពិតមែន តែខ្លួនមិនបាននិយាយប្រាប់អ្នកភូមិទេ ព្រោះខ្លួនទៅឃ្វាលគោក្នុងព្រៃតែម្នាក់ឯងរាល់ថ្ងៃ ខ្លាចដឹងដល់ជនបិទមុខនោះទៅសម្លាប់ខ្លួនចោលក្នុងព្រៃបំបិទមាត់ ។

ពាក់ព័ន្ធករណីនេះដែរ បច្ចុប្បន្នសមត្ថកិច្ចកំពុងខិតខំស៊ើបអង្កេតស្រាវជ្រាវដោយក្ដៅគគុក រហូតរកការណ៍ពិតឲ្យទាល់តែឃើញ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អស់សង្ឃឹមទៅលើសមត្ថភាពរបស់សមត្ថកិច្ចយើងឡើយ ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ឈ្មោះ វ៉ា សុផា ភេទស្រី រស់នៅក្នុងភូមិទួលពពេល ( ហៅភូមិថ្មី ) ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានកូនប្រុសម្នាក់រស់នៅក្នុងបន្ទុកបានអះអាងថា ខ្លួនត្រូវបានជនមិនស្គាល់មុខម្នាក់ពាក់មុខជិត ប៉ុនប៉ងសម្លាប់ ដោយឡើងកាប់ដល់លើផ្ទះ សង្ស័យមានគំនុំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៩ ខែកក្ដដា ឆ្នាំ ២០២១ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖