ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរនាំងដែករបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចរនាំងដែករបស់សមត្ថកិច្ច សម្រាប់ដាក់បិទផ្លូវ នៅតំបន់ត្រូវបិទខ្ទប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ នឹង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង គ្មានស្លាកលេខ មកដល់ចំណុចក្រោមស្ពានអាកាស៧មករា រួចធ្វើសកម្មភាព លួចលើករនាំងដែករបស់សមត្ថកិច្ចសម្រាប់ ដាក់បិទផ្លូវ នៅតំបន់ត្រូវបិទខ្ទប់ ចំនួន២ផ្ទាំងដាក់លើរុឺម៉ក តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

គួររំលឹកផងដែរថា ជនសង្ស័យទាំង២នាក់នេះ ធ្លាប់ធ្វើសកម្មភាព បន្លំធ្វើជាទិញម៉ូតូពីបុរសម្នាក់តែឱ្យលុយមិនទាន់គ្រប់ បែជាយកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ស្រមោល ទើបមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្រប់ពេលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះភ្លាម ជនរងគ្រោះក៏ឃើញជនសង្ស័យនិងម៉ូតូរបស់គាត់ដោយចៃដន្យ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីសួរនាំ រួចបញ្ជួនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីចាត់ការតាមនីតិវីធីច្បាប់បន្តទៀត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖