ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញ (ក ប ប ) បន្តរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយ ២៤០លីត្រ បានយកទៅកំទេចនិងដុតបំផ្លាញចោលស្ថិតក្នុងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានអោយដឹងថា លោកសហការជាមួយអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនិងឃ្លាំមើលទំនិញចេញពីប្រភពដើមរហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ( ជាពិសេសតំលៃអាល់កុលស្លាកសញ្ញា តម្លៃម៉ាស់នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឱសថស្ថានស្ថិតក្នុងក្រុង ស្វាយរៀង។
សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឱសថស្ថានបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមទៅលើអាល់កុល និងជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។
ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយរួមមានអាល់កុល ក្លែងក្លាយ ចំនួន ២៤០លីត្រ ម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦ កំប៉ុង ( ខូចគុណភាព ) ទឹកដោះគោកំប៉ុងក្រដាស ចំនួន ៤៦ ប្រអប់ ( ខូចគុណភាព )ខណ:មន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលផងដែរ ៕
ដោយ៖ យឹម សុថាន