មន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានផ្ញើសារបន្ទាន់មួយដល់បណ្តាមន្ទីរពេទ្យទាំងអស់នៅក្នុងទីក្រុង និងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ 115 ត្រៀមលក្ខណៈទប់ទល់នឹងការឆ្លងរាលដាលកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅក្នុងទីក្រុងនេះ។
មន្ទីរសុខាភិបាលបានស្នើដល់មន្ទីរពេទ្យទាំងអស់ត្រៀមទាំងបុគ្គលិក បរិក្ខារពេទ្យ ថ្នាំពេទ្យ …ដើម្បីជួយដល់មន្ទីរពេទ្យបណ្តោះអាសន្ន ពេលមន្ទីរសុខាភិបាលត្រូវការបន្ទាន់ ។ បច្ចុប្បន្នទីក្រុងហូជីមិញ មានមន្ទិរពេទ្យព្យាបាលជំងឺកូវីដ-១៩ចំនួន ១៥កន្លែង និងទីតាំងបណ្តោះអាសន្ន១០កន្លែង ។ ជាមួយគ្នានេះក៏មានទីតាំងសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺធ្ងន់ ដោយមានគ្រែពេទ្យចំនួន១០០០គ្រែ។
ករណីឆ្លងដែលបានកើនឡើងរហូតដល់ជិត ៣,០០០នាក់ក្នុងមួយថ្ងៃ និងការសម្រុកធ្វើតេស្តសម្រាប់ករណីពាក់ព័ន្ធ COVID-19 ។ តាមសារព័ត៌មានវៀតណាម Thanh Nien ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា តំបន់សេដ្ឋកិច្ច និងរោងចក្រមួយចំនួនដែលមានសង្វាក់ផលិតកម្មចាំបាច់ អាជ្ញាធរបានតម្រូវឲ្យខាងស្ថាប័នទាំងនោះ រៀបចំកន្លែងស្នាក់នៅសម្រាប់ បុគ្គលិកសំខាន់ៗឲ្យបានសមរម្យ។
ដោយឡែករោងចក្រនៃក្រុមហ៊ុនធំៗមួយចំនួនរបស់បរទេសដូចជា Nike, Adidas, Pou Chen និង Samsung បានផ្អាកផលិតកម្មរបស់ខ្លួនជាបណ្តោះអាសន្នក្នុងទីក្រុងហូជីមិញ ដោយសារតែផ្ទុះករណីឆ្លងនៅតាមរោងចក្រ និងសហគ្រាសរបស់ពួកគេ។ អាជ្ញាធរទីក្រុងហូជីមិញកំពុងតែស្វះស្វែងដោះស្រាយបញ្ហាយ៉ាងបន្ទាន់បំផុត ខណៈដែលប្រជាជនរស់នៅទីនេះមានរហូតដល់ជិត៩លាននាក់ឯណោះ និងជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់ប្រទេសអាស៊ានមួយនេះ។
វៀតណាមបានត្រៀមរៀបចំទម្រង់ នៃការព្យាបាលអ្នកជំងឺ COVID-19 ដូចមានរាងពីរ៉ាមីតពីក្រោមទៅលើចំនួន ៤ កម្រិត គឺកម្រិតទី១ ត្រៀមគ្រែចំនួន ៣០.០០០គ្រែព្យាបាល F0 (អ្នកវិជ្ជមានកូវីដ-១៩កម្រិតស្រាល) កម្រិតទី២ត្រៀមគ្រែចំនួន ២.៥០០គ្រែសម្រាប់ព្យាបាល FO (អ្នកវិជ្ជមានមានចេញរោគសញ្ញា), កម្រិតទី៣ត្រៀមគ្រែចំនួន ៣.០០០គ្រែព្យាបាលអ្នកជំងឺ FO ដែលមានជំងឺប្រចាំកាយ ឬមានជំងឺទន្ទឹមនឹងពេលកើតកូវីដ និងកម្រិតទី ៤ ចំនួន១.២០០គ្រែ សម្រាប់សង្គ្រោះបន្ទាន់ ( COVID-19 ធ្ងន់ធ្ងរ ឬសង្គ្រោះបន្ទាន់)។ គិតត្រឹមថ្ងៃពុធម្សិលមិញ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៧,៤៣៤នាក់ ក្នុងនោះស្លាប់ ១៣០នាក់ និងជាសះស្បើយ ៩,៦២៤នាក់៕
ដោយ៖ធីរីណា(រូបថត៖Zing news)