ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានឲ្យដឹងថា ក្រុមគ្រូពេទ្យលើរថយន្តចល័ត របស់យោធភូមិភាគទី៥ ដឹកនាំដោយឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ត្រូវបញ្ចប់មុនផែនការកំណត់នៅរសៀលថ្ងៃទី១៦នេះ។
គួរកត់សំគាល់ថា តាមផែនការ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សរុបចំនួន ១១៨០៩នាក់ ដោយចាប់ផ្តើមចាក់កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលមានការចូលរួមចាក់ដោយស្ម័គចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុក ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃជាង៤.០០០នាក់ ការចាក់វ៉ាក់សាំងគ្រប់ចំនួនបញ្ចប់នៅរសៀលថ្ងៃទី១៦នេះ តាមផែនការ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ទៀតថា ក្រុមរថយន្តចល័តយោធភូមិភាគទី៥នេះ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចល័តទៅគៀកផ្តល់ការងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមាដែលប្រមុខរាជរដ្ឋាភិបាល ដែលបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមគោរពអរគុណជូនចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន(សសយក) ដែលបានរួមគ្នាបំពេញបេសកម្មដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន៕
ដោយ ៖ ស សម