ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនធុនធំបុកម៉ូតូអូសចូលប្រឡាយទឹកស្អុយលិចបាត់ រួចប្រគល់លុយ២.០០០$ឲ្យម្ចាស់ម៉ូតូដេីម្បីបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានខ្ទាតចេញពីម៉ូតូរងរបួសស្រាល​ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែត្រូវរថយន្តបែនធុនធំបុកពីក្រោយអូសចូលប្រឡាយទឹកស្អុយ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមកចោមរោមមើលនិងធ្វើអន្តរាគមន៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨​និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ តាមបណ្ដោយផ្លូវក្រវាត់ក្រុង៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គងថ្មី​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ ។ 

    តាមសម្ដីបុរសដែលជាជនរងគ្រោះ​ ហើយមិនបានបញ្ជាក់ឈ្មោះ​បានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានចេញពីធ្វេីការ​ហើយក៏ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៨​ ត្រឡប់ទៅផ្ទះ​វិញ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីត្បូងទៅជេីង​។ លុះបើកម៉ូតូមកដល់ចំណុចកេីតហេតុនេះស្រាប់តែមានរថយន្តបែនធុនធំ​មួយគ្រឿង​ ពណ៌សលាយខៀវ​ ចង្កូតស្ដាំ​ ពាក់ស្លាកលេខ​ SVR-0752 បើកយ៉ាងលឿនមកបុកពីក្រោយ​ម៉ូតូគាត់ បណ្ដាលឲ្យគាត់ខ្ទាតចេញពីម៉ូតូរងរបួសស្រាល​ ចំណែកម៉ូតូត្រូវរថយន្តកិនអូសចូលក្នុងប្រឡាយទឹកស្អុយលិចបាត់​ តែម្តង។ 

    ក្រោយកេីតហេតុភ្លាមៗ​ តៃកុងរថយន្តបង្កបានចុះចេញពីរថយន្តទាំងស្ថានភាពស្រវឹង​ និងបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះនិងសមត្ថកិច្ច​ ទេីបសមត្ថកិច្ចមូលដ្ឋាននាំខ្លួនតៃកុងរថយន្តបង្ក​ និងហៅម្ចាស់ម៉ូតូទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសដេីម្បីដោះស្រាយគ្នា​ ។ ក្រោយមក​ ភាគីរថយន្តបង្កបានព្រមយកម៉ូតូជនរងគ្រោះ​ទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហេីយព្រមប្រគល់លុយចំនួន២.០០០$ឲ្យទៅភាគីខាងម៉ូតូដេីម្បីបញ្ចប់រឿង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖