ខេត្តពោធិ៍សាត់ ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញសមត្ថកិច្ចច្រើនស្ថាប័នសហការគ្នាចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលរាល់ថ្ងៃ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៦កើតនិង៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២១ នេះ លទ្ធផលៈ រុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងស្បៃមុង និងរបាំងសាច់អួន)ដែលជាវត្ថុតាង ។
សេចក្តីរាយការណ៍ពីកម្លាំងសហការបានឲ្យដឹងថា ករណីខាងលើអនុវត្តនៅចំណុចព្រែកកំពង់គុជ និងជ្រោយក្សុំ ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង លទ្ធផលៈ រុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី ដែលជាវត្ថុតាង(របាំងសាច់អូន)ចំនួន៤ខ្សែ ប្រវែងចំនួន៤៥០ម៉ែត្រ ក្បាលបរចំនួន៤គ្រឿង(របាំងស្បៃមុង)ចំនួន១៩ខ្សែ ប្រវែងចំនួន៩៥០ម៉ែត្រ លូកងស្បៃមុងចំនួន២៥មាត់ បង្គោលចំរឹងចំនួន៣០០ដើម និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបចំនួន១៦គីឡូក្រាម ។
សេចក្តីរាយការណ៍បន្តទៀតថា គោលដៅទី-២ នៅចំណុចកន្លុងសង្រ្កង ស្ថិតឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងចំណុចព្រែកសាឡិត ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លទ្ធផលៈ រុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីដែលជាវត្ថុតាង របាំងសាច់អួនចំនួន៨ខ្សែ ប្រវែងចំនួន១៨០០ម៉ែត្រ ក្បាលបរចំនួន៤គ្រឿង របាំងស្បៃមុងចំនួន១៧ខ្សែ ប្រវែងចំនួន១៤០០ម៉ែត្រ លូកងស្បៃមុងចំនួន៣២មាត់ បង្គោលចំរឹងចំនួន៨៥០ដើម និងចាក់លែងត្រីចម្រុះចំនួន៤៥គីឡូក្រាម ។
ប៉ុន្តែទោះជាយ៉ាងក្ដី ៖ គេសង្កេតឃើញកម្លាំងសហការទាំងនោះចេះទៅហួសមកហួស ពុំចូលបង្រ្កាបនៅចំណុចព្រែកប្រហោងស្ទឹង ស្ថិតភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងនោះទាល់តែសោះ ខណៈគេឃើញមានរបាំងដាក់កាត់ព្រែកច្រើនរាប់មិនអស់ ចាប់ត្រីពងពេញៗពោះរាប់សិមតោនក្នុងមួយយប់ៗនោះ ៕
ដោយ៖ បុឹម ពិន