ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​វៀតណាម​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ!​ ប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ ជាង​ពីរ​ពាន់​នាក់​បន្ថែម​ទៀត​

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាម​រាយការណ៍ប្រចាំថ្ងៃ​ ស្ដីពី​ករណី​​អ្នក​កើតកូ​វីដ​-១៩​ ប្រទេសវៀតណាម​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានប្រកាសថា​ រកឃើញ​អ្នកជំងឺកូវីដ​-១៩ថ្មី​ចំនួន​២.១០៥​នាក់​ទៀត​។ ដែលករណីនាំ​ឱ្យ​​ចំនួន​អ្នក​ឆ្លង​​ថ្មី​នេះ​ នៃប្រទេស​មួយ​នេះ​ កេីន​​ឡើងដល់​៤២.៦៦៣​នាក់​ហេីយ​។

របាយការណ៍ដដែល​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន​២.១០៥​នាក់​ខាងលើនេះ​ ក្នុងនោះ​មានចំនួន​ ១.៧៦៩​នាក់​ ត្រូវ​បាន​រកឃើញ​នៅ​ក្រុង​ហូជីមិញ បេីទោះបី​ជា​ទីក្រុង​នេះ​កំពុង​បិទ​ខ្ទប់​ ដេីម្បីទប់ស្កាត់ជំងឺកូវី​ដ​-១៩យ៉ាង​ណា​ក្តី​។​​

គួររម្លឹកដែរថា​ អាជ្ញាធរ​វៀតណាម​ កាលពី​ថ្ងៃ​សុក្រទី១៦​ កក្កដា​ម្សិលមិញ​នេះ​ បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​សរុប ៣.៣២១​នាក់ និង​អ្នកជំងឺ​ចំនួន​ ១៨​នាក់​បាន​ស្លាប់​ផង​ដែរ​។​ បច្ចុប្បន្ន​ចំនួន​ស្លាប់​ដោយ​សារ​កូវីដ​-១៩​ ធ្វើឱ្យ​ប្រទេសវៀតណាម​ កើនឡើង​ដល់ចំនួន​ ២២៥​នាក់​ គិត​​ចាប់​តាំង​​ពី​ឆ្នាំ​២០២០កន្លងមក​។​

​ជាមួយគ្នានេះ​ ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​-១៩​ នៅ​រលក​ថ្មី​នេះដែរ តំបន់​ឧស្សាហកម្ម​នៅ​ទូ​ទាំង​ក្រុង​ហូជីមិញ ក៏ត្រូវ​បាន​រាយការណ៍ថា​ មាន​អ្នក​កើតកូ​វីដ​-១៩​ ចំនួន​១.៨៣៧​នាក់​ ចាប់​តាំងពី​ខែ​មេសា​ កន្លងមក​។គួរបញ្ជាក់ថា​ ទីក្រុង​ហូជីមិញ​ មាន​កម្មករ​ប្រមាណ​៣២០.០០០​នាក់ នៅក្នុង​តំបន់​កែច្នៃ​សំរាប់​ការនាំចេញ​ ​និង​ឧទ្យាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​មួយ រួមជាមួយ​នឹង​កម្មក​រ​ជិត​១,៣​លាន​នាក់​ ​នៅ​តំបន់ឧស្សាហកម្ម​ចំនួន​១៧​ផ្សេង​​ទៀត​។​ ជាក់ស្ដែង​ទីក្រុងមួយ​នេះ​ ឥឡូវ​ជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១-៩​ នៅ​វៀតណាមផងដែរ​។​ ដោយឡែក​​ ក្រុង​ភាគខាងត្បូង​នេះ​ គិត​ត្រឹម​ថ្ងៃ​សុក្រម្សិលមិញនេះ​ មាន​អ្នក​ឆ្លងកូវី​ដ-​១៩​ សរុបចំនួន​​២៣.៩១៣​នាក់​៕

ដោយ​៖ស​ តារា​(រូបភាព​៖ឯកសារ​)


ចែករំលែក៖