ខេត្តព្រះសីហនុ៖ បេីយោងតាមការអះអាងពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះថា៖ ខេត្តព្រះសីហនុ ផលិតបានខ្យល់អុកស៊ីហ្សែនដោយខ្លួនឯង លែងនាំចូលពីភ្នំពេញទាំងស្រុង។
ការថ្លែងបែបនេះរបស់លោក គួច ចំរើន បានលើកឡើងក្នុងឱកាសលោកបានចុះពិនិត្យ មើលដំណើរការ ផលិតខ្យល់អុកស៊ីហ្សែន ដោយមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
លោក គួច ចំរើន គូសបញ្ជាក់យ៉ាងដូច្នេះថា” ខ្យល់អុកស៊ីហ្សែន ត្រូវការប្រើពីមុនត្រូវទៅទិញដឹកមកពីភ្នំពេញ លំបាកណាស់ ដោយហេតុនេះហើយ បានជាយើង (គួច ចំរើន) ខិតខំធ្វើឱ្យបាននៅក្នុងខេត្តខ្លួនឯង”។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា៖ ពេលនេះយើងផលិតបានខ្យល់ អុកស៊ីហ្សែនដោយខ្លួនឯង បន្ទាប់ពីធ្វើបានមន្ទីរពិសោធន៍ដាក់ឱ្យដំណើរការ។ ជាក់ស្ដែងចំពោះការផលិត ខ្យល់អុកស៊ីហ្សែននេះ បានដំណើរការជាផ្លូវការរយៈពេលពីរសប្តាហ៍មកហើយ ដោយក្នុងមួយម៉ោង អាចផលិតបាន ៨ដប ឯតម្រូវការប្រើ នៅតាមមន្ទីរពេទ្យក្នុងខេត្ត មួយថ្ងៃមានពី ៤០ទៅ ៥០ដប តាមតម្រូវការអ្នកឈឺតិច ឬច្រើន៕
ដោយ៖សហការី