ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានប្រកាសឱ្យដឹងថា កូនស្រី ឯកអគ្គរដ្ឋទូត Najib Alikhil ប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន គឺនាង Silsila Alikhil អាយុ២៦ឆ្នាំ ត្រូវគេចាប់ជំរិញកាលពីយប់ថ្ងៃទី ១៦ខែកក្កដា ក្នុងពេលកំពុងតែធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនក្នុងរដ្ឋធានីអ៊ិស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានប្រកាសឱ្យដឹងថា ក្រសួងបានទំនាក់ទំនងជាមួយគ្រួសាររបស់លោក Najib Alikhil ដោយជួយធ្វើអន្តរាគមន៍ទៅលើរដ្ឋាភិបាលប៉ាគីស្ថាន ។ ជាមួយគ្នានេះកម្លាំងប៉ូលិសអ៊ិស្លាមម៉ាបាដបានបើកការស្រាវជ្រាវពីករណីខាងលើ ។ នាង Silsila Alikhil ត្រូវបានដោះលែងក្រោយចាប់ខ្លួនជាច្រើនម៉ោងនិងធ្វើទារុណកម្ម។ ពេលនេះមិនទាន់មានព័ត៌មានថាតើនាងត្រូវគេចាប់រំលោភដែរឬទេ។ កម្លាំងប៉ូលិសមិនទាន់កំណត់ជនដៃដល់ និងឈានដល់ការចាប់ខ្លួននៅឡើយ។
នាង Silsila ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានរបួស ក្បាល មានស្នាមចងដៃជើងនិងមានស្នាមរបួសជាច្រើនកន្លែងទៀត។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការតាមចាប់ខ្លួនជនដៃដល់ក្នុងករណីចាប់ខ្លួនកូនស្រី ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាននេះ ៕
ដោយ៖ធីរីណា
ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំអុីស្លាម៉ាបាត (ប៉ាគីស្ថាន) លោកNajib Alikhil។ រូបភាព៖ HINDI NEWS
Silsila Alikhil កូនស្រីរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន។ រូបភាព៖MCU