ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ !

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ !

ប្រការ ១ .…ត្រូវបានដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល ០២ (ពីរ) សប្តាហ៍ ដោយគិតចាប់ពី ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១។

 ប្រការ ២ …រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំជែល/អាកុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ។ល។ ស្របតាមការណែនាំ និងវិធានសុខា ភិបាលក្នុងការបម្រើសេវាកម្មរបស់ខ្លួន ពិសេសលើកទឹកចិត្តអតិថិជនក្នុងការប្រើជម្រើសសេវាកម្មបែបវច ខ្ចប់ និងហាមការបម្រើសេវាគ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។ 

ប្រការ ៣..ហាមដាច់ខាតនូវរាល់ការលក់ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង)ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្នុងថិរវេលាកំណត់ដូចមានចែងក្នុងប្រការ១ ជាកំហិត។

ប្រការ ៤ .…ត្រូវបានបន្តផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែប សាសនានានា ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង លើកលែង តែចំពោះករណ៏ដូចខាងក្រោម ៖

-ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា -ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច

-ការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ការយកវត្ថុសំណាកទៅវិភាគរកមរោគ កូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះ បន្ទាន់ផ្សេងទៀត

–ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញ ការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

-ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍ ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ប្រការ ៥ .…បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តខ្លឹមសារនៃប្រការ ២, ប្រការ ៣ និងប្រការ ៤ ក្នុង សេចក្តីសម្រេចនេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, សេចក្តីសម្រេចលេខ ០៥០/២១ សសរ/ឌជ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ស្តីពីការពិន័យ អន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និង លិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន។ 

ប្រការ ៦ …សេចក្តីសម្រេច និងបទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវ ចាត់ទុកជានិរាករណ៍។

ប្រការ ៧ ……នាយករដ្ឋបាល អភិបាលនៃគណៈអភិបាលក្រុង-ស្រុក មេបញ្ជាការកម្លាំងទាំងបីប្រភេទរបស់ខេត្ត ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖