ខេត្តស្វាយរៀង៖ បុរសអ្នកបើកបរម៉ូតូធំម្នាក់បានស្លាប់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារការប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតដួលបោកក្បាលទៅលើថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥២និង១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ សុខ សឺង អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកCB១៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១II-៤៣៨៦ ក្នុងទិសដៅពីលិចទៅកើត លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥២និង១៥៣ ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព ក៏រេចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។
ចំពោះសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន