ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមទៀតយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្នែកខាងលិច ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-5363 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឲ្យទ្រេត ឯរថយន្តខូចខ្ទេចផ្នែកខាងមុខគាបជាប់ទៅមុខលែងរួច តែមិនមានអ្នករងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ