ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីរបស់អង់គ្លេស (GB) បានឈ្នះ២ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បើទោះបីនៅសល់១ប្រកួតទៀតទើបចប់វគ្គជម្រុះតាមពូលក៏ដោយ ព្រោះក្រុមនេះមាន៦ពិន្ទុឈរលេខ១ក្នុងពូលE ក្រោយពីយកឈ្នះម្ចាស់ផ្ទះជប៉ុន១ទល់០។
តាមលទ្ធផលរបស់ BBC Sport បានបង្ហាញថា ក្រុមស្ត្រីអង់គ្លេស (Great Britain) បានបង្ហាញទម្រង់លេងល្អជាងក្រុមម្ចាស់ផ្ទះជប៉ុន ដោយបានគ្រប់គ្រងបាល់ច្រើនជាងរហូតដល់៥៩ភាគរយ។ ការប្រកួតកាលពីម្សិលមិញក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា០ទល់០ក្នុងតង់ទី១ ប៉ុន្តែចូលដល់តង់ទី២ កីឡាការិនីខ្សែប្រយុទ្ធ Ellen White បានរកគ្រាប់បាល់ជ័យជម្នះ១គ្រាប់ទៅលើក្រុមជប៉ុននៅនាទីទី៧៤ ដែលធ្វើឲ្យអង់គ្លេសមានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយដោយជោគជ័យ។
សម្រាប់ការប្រកួតបន្ទាប់ក្រុមបាល់ទាត់ស្រ្តីអង់គ្លេសនឹងត្រូវប៉ះជាក្រុមស្ត្រីកាណាដា ដែលកំពុងឈរលេខ២ក្នុងពូល ខណៈដែលម្ចាស់ផ្ទះជប៉ុនត្រូវជួបឈីលីក្នុងការប្រកួតបញ្ចប់វគ្គជម្រុះក្នុងពូលE។ សម្រាប់ពូលF មានហុល្លង់ និងប្រេស៊ីលកំពុងមាន៤ពិន្ទុដូចគ្នា ហើយពូលG មានស៊ុយអែតឈរលេខ១ក្នុងពូលមាន៦ពិន្ទុ ខណៈអាមេរិកឈរលេខ២ មាន៣ពិន្ទុ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់ផ្នែកស្ត្រីក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ នឹងត្រូវប្រកួតបញ្ចប់វគ្គជម្រុះក្នុងពូលនៅថ្ងៃទី២៧ កក្កដាខាងមុខនេះ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ដោយឡែកការប្រកួតបាល់ទាត់ផ្នែកបុរសវិញគឺរសៀលថ្ងៃទី២៥ កក្កដានេះមាន ការប្រកួតវគ្គជម្រុះតាមពូលដែរ ដោយក្រុមអេហ្ស៊ីបប៉ះអាហ្សង់ទីន, បារាំងប៉ះអាហ្វ្រិកខាងត្បូង, ណូវែលហ្សេឡង់ប៉ះហុងឌុយរ៉ាស, ប្រេស៊ីលប៉ះកូឌីវ័រ, អូស្ត្រាលីប៉ះអេស្ប៉ាញ, ម្ចាស់ផ្ទះជប៉ុនប៉ះម៉ិចស៊ីកូ, រ៉ូម៉ានីប៉ះកូរ៉េខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីតប៉ះអាល្លឺម៉ង់ ៕
ដោយ៖ ភារៈ(រូបភាព៖ BBC Sport)