ព័ត៌មានទាន់ហេតុការណ៍៖

កសិករស្រុកកោះសូទិនកំពុងមមាញឹកប្រមូលផលពោតក្រហមខណៈទឹកទន្លេមេគង្គឡើងខ្លាំង

ចែករំលែក៖

ខេត្តកំពង់ចាម៖ ប្រជាកសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្តក៏ដូចជាបណ្ដាឃុំផ្សេងទៀតក្នុងស្រុកកោះសូទិនកំពុង មមាញឹកក្នុងការប្រមូលផលពោតក្រហម ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងខ្ពស់ជាង១០ម៉ែត្រ ក្នុងរយៈដ៏ខ្លី។

ប្រជាកសិករមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម កំពុងមមាញឹកក្នុងការប្រមូលផលដំណាំពោតក្រហមរបស់ខ្លួន ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងកំពស់ជាង១០ម៉ែត្រ។ បន្ទាប់ពីទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងយ៉ាង ក្នុងរយះពេល៣ថ្ងៃកន្លងទៅ សម្រាប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះ ស្ថានភាពកំពស់ទឹក ទន្លេបានស្រកបន្តិច។ នេះដោយសារតែទឹកទន្លេមេគង្គនៅផ្នែកខាងលើក៏បន្តស្រកដូចគ្នា។

បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ចាមបានបញ្ជាក់ថាកំពស់ទឹកនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១គឺមានកំពស់១០,១៧ម៉ែត្រ បើធៀបទៅនឹងថ្ងៃ ម្សិលមិញទឹក ស្រក០,០១ម៉ែត្រ ហើយកំពស់ទឹកនាពេលនេះបើធៀបទៅឆ្នាំកន្លងទៅមាន កំពស់ត្រឹម ៤,៣១ម៉ែត្រប៉ុណ្ណោះ។

នេះជាទម្លាប់របស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គតែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកទន្លេ។ ជាពិសេសការប្រុងប្រៀបប្រមូលផលកសិកម្មមិនថាតែពោតក្រហមនោះទេ នៅមានដំណាំផ្សេងៗទៀតក៏ត្រូវប្រញាប់ប្រញាល់ប្រមូលផលដណ្ដើមទឹកទន្លេមេគង្គនេះដែរដូចជាល្ង សណ្ដែក …និងដំណាំរួមផ្សំជាច្រើនទៀត។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែមានផែនការជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋតាមរូបភាពផ្សេងៗដូចជាជួយរុះរើផ្ទះដែលទទួលរងដោយការ បាក់ច្រាំងទន្លេ ជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព និងណែនាំ ដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាព ពោលគឺទទួលទានទឹកដាំពុំ និងរស់នៅស្អាតជាពិសេស ការពារក្មេងតូចៗ កុំឲ្យលង់ទឹក ស្លាប់ដោយឪពុកម្តាយមិនដឹង រួមទាំងវិធានការផ្សេងៗទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖