ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុករះរថយន្តពីរគ្រឿងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តធុនធំក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងនឹងរថយន្តតាកូម៉ាមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តដឹកទំនិញធុនធំមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-0978 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿងទៀតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX-1604 ដែលបើកបរស្របទិសដៅគ្នា ខណៈមកដល់ត្រង់ចំណុចកើតហេតុរថយន្តទាំងពីរគ្រឿងបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ ពេលនោះស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខចង្កូតស្ដាំKPS-0208 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនក៏បានជ្រុលទៅបុករថយន្តហុីយ៉ានដាយដឹកទំនិញពីក្រោយ រួចរុញបន្តទៅបុករថយន្តតាកូម៉ាមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖