ភ្នំពេញ៖ អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល។
ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀតផង។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈកាលពីរាត្រីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១១យប់ លោកបានចុះពិនិត្យគោលដៅនៅក្នុងខណ្ឌឫស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ដែលលោកបានអញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យមួយចំនួននៅក្នុងភូមិសាស្ត្ររាជធានីពេញដើម្បីជំរុញឱ្យសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌអនុវត្តការងារនេះឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តនូវវិធានការដោយបិទបម្រាមគោចរខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ពិសេសកូវីដបំប្លែងថ្មីដែលតា ។លោកបានបញ្ជាក់ផងដែរថា ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មីនេះ។ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូគឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន១លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌស្មើនឹង២៨ គោលដៅ ។ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗមានបន្ថែមគោលដៅទៀត។
សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី៣០ ខែកក្កដា ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១១យប់ លោកឃួង ស្រេង បានចុះពិនិត្យគោលដៅនៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន មានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ៕
ដោយ ៖ សំរិត