ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ពីលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែឆ្នាំ២០២១ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា, ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមាន៖

– បរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស គឺមានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០%
– បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា, កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
– បរិមាណអង្ករនាំចេញមានចំនួន ៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦ ២០៨តោន (-២៧,២៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦ ០៧៣តោន។ ក្នុងនោះការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន ២៩ ៤១៥តោន កើនឡើងចំនួន ១ ០០២តោន (៣,៥៣%) បើធៀបនឹងខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួន ២៨ ៤១៣តោន
– អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២១៤ ៩៦៨តោន ស្មើនឹង ៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន ៨៨ ៧០២តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយមានចំនួន ៦ ១៩៥តោន ស្មើនឹង ២%
– អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៧៧ ៧៨៦តោន (ថយចុះចំនួន ៦៦ ៤៦១តោន ស្មើនឹង -៤៦,០៧%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៥៣ ៩២១តោន (ថយចុះចំនួន ១ ៤០៦តោន ស្មើនឹង -០,៩១%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៩ ៤៥៣តោន(ថយចុះចំនួន ២៧ ៦១១តោន ស្មើនឹង -៤៨,៣៩%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៤៨ ៧០៥តោន (ថយចុះចំនួន ២០ ៧៣០តោន ស្មើនឹង -២៩,៨៦%)
– ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៨ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២២៤ ៩៥២តោន (៧២,៦០%) និងក្រុមហ៊ុន ៤៨ដទៃទៀតបាននាំចេញត្រឹមតែ ៨៤ ៩១៣តោន (២៧,៤០%)។

២- ការនាំចេញស្រូវ
ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន ២ ០០៨ ២៤១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ២៩០ ៥០២,៥២តោន) ដែលមានការកើនឡើងចំនួន ៩០០ ៧៦៦តោន (៨១,៣៤%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ១០៧ ៤៧៥តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ៤៣២ ៦០១,០៨ តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ស្មើនឹង ៥១,៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ២៦៣ ៩១៤,២២តោន ដែលក្នុងនោះរួមមាន៖
1) ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៥៤ ០០៣,១២តោន (កើនឡើងចំនួន ១៤,២២%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៤០ ៦០០តោន ប្រទេសវៀតណាមចំនួន ៣៩៣ ៧៥១,៥៦តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦តោន
2) ដំឡូងមីស្រស់មានចំនួន ៣៩៦ ៣០០តោន (ថយចុះចំនួន -៨,៦៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៩១ ២៥០តោន និងប្រទេសវៀតណាមចំនួន ៣០៥ ០៥០តោន
3) ម៉្សៅដំឡូងមីមានចំនួន ១៨ ៤៦៥,០៤តោន (កើនឡើងចំនួន ២២,៤៣%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៦ ៣៥៨,៦តោន ប្រទេសអ៊ីតាលីចំនួន ៣៤០,៦៤តោន ប្រទេសណេដឺឡែនចំនួន ១៥២តោន ប្រទេសថៃចំនួន ១ ៣៧៥,៨តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងប្រទេសប៊ែលហ្ស៉ិកចំនួន ៦៨តោន
4) កាកសំណល់ដំឡូងមីមានចំនួន ៤ ៩០៨តោន (ថយចុះចំនួន -៣៦,១១%) នាំចេញទៅប្រទេសចិន
5) គ្រាប់ស្វាយចន្ទីមានចំនួន ៨៦៦ ២០៧,៧៧តោន (កើនឡើងចំនួន ៣៤៥,២៩%) នាំចេញទៅប្រទេសចិនចំនួន ៣ ៦៣៩,៥តោន ប្រទេសឥណ្ឌាចំនួន ១៧តោន ប្រទេសជប៉ុនចំនួន ៣៤,៤៣តោន ប្រទេសកូរ៉េចំនួន ៣,៩១តោន ប្រទេសឡាវចំនួន ២តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសតូហ្គោចំនួន ០,០១តោន ប្រទេសថៃចំនួន ៣ ១៩៩,៤០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន ប្រទេសវៀតណាមចំនួន ៨៥៩ ២៩០តោន និងប្រទេសបង់ក្លាដែសចំនួន ៧តោន
6) គ្រាប់ពោតមានចំនួន ១៤៦ ៣០៤,១៩តោន (កើនឡើងចំនួន ១,០៩%) នាំចេញទៅប្រទេសបង់ក្លាដេស ចំនួន ៤២តោន ប្រទេសកូរ៉េចំនួន ២១តោន កោះតៃវ៉ាន់ចំនួន ៧៥១,១៩តោន ប្រទេសថៃចំនួន ៤២ ៣៥០តោន និងប្រទេសវៀតណាមចំនួន ១០៣ ១៤០តោន
7) គ្រាប់សណ្តែកបាយមានចំនួន ២១ ២៣០តោន (កើនឡើងចំនួន ៥៤៧,៣៣%) នាំចេញទៅប្រទេសវៀតណាម
8) គ្រាប់សណ្តែកសៀងមានចំនួន ១៩ ៨៨០,០៤តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៧ ៩៥០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤តោន និងប្រទេសវៀតណាមចំនួន ១១ ៩៣០តោន
9) ផ្លែចេកស្រស់មានចំនួន ២៧០ ២២១,៦៨តោន (កើនឡើងចំនួន ៦១,០៨%) នាំចេញទៅប្រទេសចិនចំនួន ២៤០ ១០៨,៥៧តោន ប្រទេសជប៉ុនចំនួន ៤៩៥,៣០តោន ប្រទេសសិង្ហបុរីចំនួន៤៨០,៤៨តោននិងប្រទេសវៀតណាមចំនួន ២៩ ១៣៧,៣៣តោន
10) ផ្លែក្រូចថ្លុងមានចំនួន ២៧ ៤១៨,៤៤តោន (កើនឡើងចំនួន ៩០,៤១%) នាំចេញទៅប្រទេសថៃចំនួន ២៧ ៣៥៤តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤តោន
11) ផ្លែស្វាយស្រស់មានចំនួន ១៦១ ២២៨,៥៥តោន (កើនឡើងចំនួន ២៤៧,៩២%) នាំចេញទៅទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨តោន ប្រទេសគុយវ៉ែតចំនួន ០,០១តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន ប្រទេសថៃចំនួន ២១ ២១៩,២៨តោន ប្រទេសវៀតណាមចំនួន ១៣៩ ៦០៦,៦៨តោន និងប្រទេសចិនចំនួន ២១១,២២តោន
12) ដំណាប់ស្វាយមានចំនួន ១៣ ៥២៤,៥តោន (កើនឡើងចំនួន ១៩៤,១៨%) នាំចេញទៅប្រទេសចិនចំនួន ១១ ០៩៥,៥៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសកូរ៉េចំនួន ១៤,៥៦តោន ប្រទេសហ្វីលីពីន ចំនួន ៧៣៥,៦៩តោន ប្រទេសថៃចំនួន ១ ០៦៤,៦១តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០តោន ចក្រភពអង់គ្លេស ១៦,១៤តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥តោន
13) ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន (កើនឡើងចំនួន ៧៩,១៦%) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២តោន
14) ដូងប្រេងមានចំនួន ២៩ ៦១៦,៦៩តោន (ថយចុះចំនួន -៩,៧៣%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ២៤ ២១៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ៥ ៤០០តោន
15) ម្រេចមានចំនួន ២២ ៥៨០,៦៨តោន (កើនឡើងចំនួន ៥៥៨,១៩%) នាំចេញទៅប្រទេសប៊ែលហ្ស៊ិក ចំនួន ១៥,៩៨តោន ប្រទេសកាណាដាចំនួន ០,៥២តោន សាធារណរដ្ឋឆេកចំនួន ៦,១០តោន ប្រទេសបារាំងចំនួន ២០,១៤តោន ប្រទេសអាល្លឺម៉ង់ចំនួន ២៤៤,៥៧តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសជប៉ុនចំនួន ២,៥៨តោន ប្រទេសកូរ៉េចំនួន ១,៥៥តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន ប្រទេសរុស្ស៊ីចំនួន ០,៨០តោន ប្រទេសស៊ុយអ៊ែត ចំនួន ១,២៩តោន ប្រទេសស្វីសចំនួន ០,៤៨តោន កោះតៃវ៉ាន់ចំនួន ១៥តោន ប្រទេសអង់គ្លេសចំនួន ១,២៤តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន សហរដ្ឋអាមេរិកចំនួន ១,៧៥តោន ប្រទេសវៀតណាមចំនួន ២២ ២១៧,៤២តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩តោន
16) ថ្នាំជក់មានចំនួន ១ ៦៩៩,៧៥តោន (ថយចុះចំនួន -៦០,៣២%) នាំចេញទៅប្រទេសប៊ែលហ្ស៊ិកចំនួន១៩,៨២តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១តោន ប្រទេសហុងគ្រីចំនួន ១៩,៨០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២តោន ប្រទេសសិង្ហបុរីចំនួន ០,០១តោន ប្រទេសវៀតណាម ១ ៦៦០តោន និងប្រទេសចិនចំនួន ០,១០តោន
17) បន្លែចម្រុះមានចំនួន ៥៦,៧៨តោន (ថយចុះចំនួន -២៣,១១%) នាំចេញទៅប្រទេសបារាំង
18) ម្ទេសស្រស់មានចំនួន ៦៦ ២២៧,១២តោន (កើនឡើងចំនួន ៤៦%) នាំចេញទៅប្រទេសថៃចំនួន ៦៦ ២២៧,១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២តោន
19) ម្ទេសក្រៀម មានចំនួន ១ ៣២០,២២តោន (កើនឡើងចំនួន ១០,០២%) នាំចេញទៅប្រទេសថៃចំនួន ១ ៣២០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១តោន និងប្រទេសកាណាដាចំនួន ០,០១តោន
20) ផលិតផលចំនួន ៦៦មុខ ផ្សេងទៀត មានចំនួន ១ ៣៩៧ ៨៤១,៤២តោន។

៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ដែលក្នុងនោះ៖
– ការនាំចេញអង្ករមានចំនួន ២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក
– ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក
– ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។

៥-សន្និដ្ឋាន
ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៨,៦៣% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

ដោយ ៖ សិលា


ចែករំលែក៖